(ភ្នំពេញ)៖ អ្នកនិពន្ធប្រលោមលោក សៀវភៅ និងភាពយន្ត អ្នកនាង​ ម៉ីសន សុធារី បានទទូចស្នើដល់បណ្ដាញព័ត៌មាននានា នៅក្នុងប្រទេសឲ្យជួយផ្សព្វផ្សាយពីកុនខ្មែរ ទាំងរឿងភាគ និងរឿងដុំ​ ឲ្យបានទូលំទូលាយ ខណៈដែលវិស័យមួយនេះ ត្រូវបានគេមើលឃើញថា កំពុងធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ជាពិសេសក្រោយស្ថានភាពជំងឺកូវីដ១៩ បានចូលរាតត្បាត។ ចំណុចនេះ ក៏ជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ចំពោះវិស័យព័ត៌មាន លើវិស័យភាពយន្ត ដើម្បីជួយដល់កុនខ្មែរ កាន់តែរីកចម្រើន។

អ្នកនិពន្ធ ម៉ីសន សុធារី បានថ្លែងប្រាប់ Fresh News Plus ដោយលើកហេតុផលពន្យល់ថា ការផ្សព្វផ្សាយជួយដល់កុនភាគ ឬរឿងដុំផលិតក្នុងស្រុក ជាតួនាទីរបស់គ្រប់មជ្ឈដ្ឋាន បែរជាចាងហ្វាងកាសែតខ្លះហាមឃាត់មិនឲ្យអ្នកសារព័ត៌មានសរសេរ ​ដោយឲ្យទៅសរសេរអំពីពិធីក្រុងពាលី ការផ្តើមថត ឬសម្ពោធបញ្ចាំង​ទៅវិញ​ ខណៈដែលវិស័យមួយនេះ កំពុងស្ថិតក្នុងស្ថានភាព ខើចមុខខើចក្រោយ ត្រដរខ្យល់។​

ម៉ីសន សុធារី និយាយថា «ខ្ញុំបានជជែកជាមួយបង ប៉ែន ប៊ុណ្ណា ប្រធានក្លឹបអ្នកកាសែតដែរ អំពីវិធីសាស្ត្រធ្វើយ៉ាងណាឲ្យអ្នកសារព័ត៌មានជំនាន់ថ្មី បានយល់អ្វីទៅគួរតែចាត់ថា អត្ថបទផ្សព្វផ្សាយ អ្វីទៅត្រូវលើកកម្ពស់ចូលរួមជំរុញផ្សព្វផ្សាយ? អ្នកផលិតយើង គាត់ផលិតកុន ជាមួយដើមទុនទាប និងទីផ្សារហោច! ផលិតផលនេះ មិនមែនគ្រឿងញៀន គ្រឿងស្រវឹង ជាតិអាកុល ក៏មិនមែនម្សៅក្រែមកែសម្រស់ ឬសេវាកម្មដែលចំណេញកប់ក្តោងនោះទេ! ប្រសិនបើបណ្ដាញសារព័ត៌មាន​ មិន​ជួយ តើកុនខ្មែរសង្ឃឹមអី?»

​អ្នកនិពន្ធរូបនេះសង្កត់ធ្ងន់ថា «ប្រសិនចង់ទាមទារតម្លៃគោលការណ៍ជាអត្ថបទផ្សព្វផ្សាយ វាគួរតែជាការផ្សាយពាណិជ្ជកម្មកុនបរទេស កុនថៃ កុនអាគាំងយកចុះ មិនជាអ្វីនោះទេ តែកុនខ្មែរយើងដង្ហើមចង្រិតទេបងប្អូន! ខ្ញុំសូមសង្កត់បញ្ជាក់ត្រង់នេះ សូមមេត្តាលោក លោកស្រីម្ចាស់បណ្តាញព័ត៌មាន​គិតឡើងវិញ! គុណតម្លៃនៃស្ថាប័នព័ត៌មានមួយ គឺទំនាក់ទំនងជាមួយអតិថិជន និងប្រភព! កុំភ្លេចរឿងនេះ! យើងសារព័ត៌មាន និងសិល្បករជាដៃគូមិនមែនជាអតិថិជនទេ យើងជាប្រភព ដែលជំរុញគ្នាទៅវិញទៅមក ហើយអត្ថប្រយោជន៍ចុងក្រោយ ជាអត្ថប្រយោជន៍សង្គមខ្មែររួមមួយ!»

សូមបញ្ចាក់ថា អ្នកនិពន្ធ ម៉ីសន សុធារី ជាម្ចាស់សៀវភៅ «ពេលវេលា» ប្រលោមលោក «ស្ទូឌីយោលេខ៧» ល្ខោនវិទ្យុ «ស្នាមសាក់រូបខ្លា» រឿង «កំណាត់ផ្លូវចុងក្រោយ» ភាពយន្ត «ស្រទន់មន្តស្នេហ៍» ក៏ជាអ្នកនិពន្ធ និងជាអ្នកសារព័ត៌មានស្ត្រីដ៏លេចធ្លោម្នាក់ និងមានកេរ្តិ៍ឈ្មោះ ធ្លាប់គ្រប់គ្រងផ្នែកផលិតនៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា, Sabay និងបច្ចុប្បន្នជាទីប្រឹក្សាផ្នែកឃោសនា ឲ្យទូរទស្សន៍ភីអិនអិន។

អ្នកស្រីបញ្ជាក់ថា នៅក្នុងអណត្តិដឹកនាំរបស់ខ្លួន ស្ថាប័នព័ត៌មានទាំងនោះផ្សព្វផ្សាយ លើកកំពស់សិល្បៈក្នុងស្រុក ចម្រៀង Original ភាពយន្ត និងសៀវភៅប្រលោមលោក ស្នា​ដៃរបកគំហើញថ្មីនានារបស់យុវវ័យ និង លីគកីឡាជាតិ ដោយមិនបានគិតសេវាអ្វីនោះឡើយ៕