(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលខ្លាំង ពេញបណ្ដាញសង្គម និងមហាជន ខណៈដែលនៅពេលថ្មីៗនេះ បុរសម្នាក់មានឈ្មោះក្នុងគណនីហ្វេសប៊ុកថា «ឱក បូនី» (Aok Bony) បានបង្ហាញសារខ្លីមួយ ប៉ុន្តែបង្កប់អត្ថន័យជ្រាលជ្រៅ ចង់បញ្ជាក់ឲ្យមហាជនដឹងថា តារាចម្រៀងល្បីឈ្មោះ គឺអ្នកនាង ឱក សុគន្ធកញ្ញា ជាកូនស្រីដែលមិនស្គាល់ឪពុករបស់ខ្លួន។ ប៉ុន្តែជាប្រតិកម្មមកវិញ ឱក សុគន្ធកញ្ញា ហាក់បញ្ចេញអាការៈខឹងឆួលពេញបេះដូង ពេលឮពាក្យនេះ ហើយចង់ឲ្យឪពុកផ្ដល់ចម្លើយមកថា ហេតុអ្វីនៅសុខៗ បែរជាមកបង្ហោះពាក្យថា «កូនមិនស្គាល់ឪ» នេះឡើង?

គណនីហ្វេសប៊ុកឈ្មោះ​ «ឱក បូនី» (Aok Bony) បានសរសេរបង្ហោះ​ ដោយភ្ជាប់ជាមួយនឹងរូបថតមង្គលការរបស់ ឱក សុគន្ធកញ្ញា ជាមួយនឹងស្វាមីថា «ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ»។ តាមរយៈប្រយោគមួយឃ្លានេះ បានធ្វើឲ្យមហាជនសម្ដែងការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ដោយមិននឹកស្មានថា រឿងរ៉ាវដែលបានកប់ទុករាប់ឆ្នាំមកហើយនោះ បែរជាត្រូវលើកបើកកកាយ យកមកនិយាយរំឭកឡើងវិញ ទាំងដែលកូនស្រីកំពុងជោគជ័យ ក្នុងជីវិតទៅហើយនោះ។

ជុំវិញសារពីសំណាក់ឪពុកដ៏គួរឲ្យភ្ញាក់ផ្អើលនេះ តារាចម្រៀងល្បីឈ្មោះប្រចាំក្នុងផលិតកម្មរស្មីហង្សមាស បានថ្លែងប្រាប់ Fresh News Plus តាមទូរស័ព្ទនៅរសៀលថ្ងៃនេះថា នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើងនាពេលនេះ ហើយបើគាត់ (ឪពុក) បង្ហោះសារ​នេះមែន នាងចង់ឲ្យទៅសួរលោកឪពុកវិញថា​ ហេតុអ្វីនៅសុខៗ បង្ហោះពាក្យនេះឡើង។

ឱក សុគន្ធកញ្ញា និយាយថា «ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅសួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង? (រួចក៏ចុចបិទទូរស័ព្ទ និងទំនាក់ទំនងលែងបានតែម្ដង)»

យ៉ាងណាមិញ Fresh News Plus បានព្យាយាមទំនាក់ទំនង តាមសាអេឡិចត្រូនិចទៅកាន់លោក ឱក បូនី ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះឡើយ ខណៈបណ្ដាញទំនាក់ទំនងសង្គមរបស់លោកត្រូវបានបិទ។

ដោយឡែក នៅក្នុងសារដែលបានចូលមកខមមិន ការបង្ហោះខាងលើ តាមរយៈហ្វេសប៊ុកឈ្មោះ «ChanTha Thron» បានខមមិនថា «លោកពូនិយាយបែបហ្និង ក៏មិនសមដែរ? បើជា​ឪពុកម្នាក់ ដែលផ្ដល់ភាពកក់ក្តៅឲ្យកូន ម្ល៉េះគាត់មិនធ្វើបែបនឹងទេ។ កូនៗគ្រប់គ្នាតែងចង់បានភាពកក់ក្តៅពីឪពុកម្ដាយ ចុះលោកពូមានស្គាល់អ្វីថាកក់ក្តៅ​ដែរឬទេ បើចិត្តជាឪពុក ហេតុអ្វីនិយាយបែបនឹង គួរណាតែឃើញកូនមានក្ដីសុខហើយសប្បាយចិត្ត តែនេះបែបជានិយាយឲ្យកូនង៊ីចឹងវិញ គិតថាជាឪពុកអ៊ីចឹងធ្វើបែបណា និយាយក៏បានតាមចិត្តមែន?»

ក្នុងនោះ ក៏មានគណនីហ្វេសប៊ុកជាច្រើនទៀត បានបង្ហាញទស្សនៈមិនគាំទ្រការបង្ហោះសារ ក្នុងន័យ​កូនមិនស្គាល់ឪពុកបែបនេះដែរ ខណៈដែលមានសារមួយចំនួនគាំទ្រឪពុកនាង៕