(ម៉ាឌ្រីដ)៖ ក្លិបអធិរាជស Real Madrid រកបានគ្រាប់បាល់ហ្រ្វីឃីក (free kick) ត្រឡប់មកវិញ ក្រោយខកខានរយៈពេល ៥២៨ថ្ងៃក្នុងជ័យជម្នះ ២-០ ទៅលើក្រុមភ្ញៀវ Real Mallorca នារាត្រីថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ គ្រាដែលកីឡាករ Vinicius Junior រកបានគ្រាប់ទី១ នៅនាទី១៩។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា All Footbal បានឲ្យដឹងថា ១គ្រាប់បញ្ចូលទីរបស់កីឡាករខ្សែការពារ Sergio Ramos នៅក្រៅតំបន់ដំបូលទូកក្នុងនាទី៥៦ នោះ ជាគ្រាប់បាល់ Free Kick លើកដំបូង គិតចាប់តាំងពីខែមករា ឆ្នាំ២០១៩ មក នៅពេលកីឡាករ Dani Ceballos ធ្វើបានឲ្យក្លិប Real Madrid ពេលប្រកួតទល់នឹង Real Betis ដែលមានរយៈពេល ៥២៨ថ្ងៃមកហើយ។

ក្រុម Los Blancos មួយនេះ មិនអាចធ្វើបានគ្រាប់បាល់ពិឃាតជាច្រើន ក្រោយការចាកចេញរបស់កីឡាករជើងស៊ុត Cristiano Ronaldo ទៅកាន់លីគកំពូលអ៉ីតាលី Serie A ក្នុងក្លិបសេះបង្កង់ Juventus កាលខែកក្កដា ឆ្នាំ២០១៨ បើទោះបីជានៅសល់កីឡាករជំនាញ free kick ដូចគ្នាមានដូចជា Gareth Bale, Luka Modric និង Toni Kroos ក៏ដោយ។

នេះជាជ័យជម្នះលើកទី៤ ជាប់ៗគ្នានៅ LaLiga ក្រោយត្រឡប់មកប្រកួតវិញ បន្ទាប់ពីត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារជំងឺ Covid-19 និងបានឡើងទៅឈរនៅកំពូលតារាងវិញផងដែរ ដោយមាន ៦៨ពិន្ទុស្មើក្រុមលេខ២ FC Barcelona ដែលជាក្រុមការពារតំណែងជើងផងនោះ គិតត្រឹមសប្តាហ៍ទី៣១ ជើងទី២នេះ៕