(ភ្នំពេញ)៖ នៅក្នុងច្បាប់ខ្មែរ (ច្បាប់អាណាចក្រ) មានច្បាប់ខ្លះបានចែងអំពីបទល្មើសសំខាន់ៗ ជាពិសេសនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ មានបទល្មើសមួយចំនួន មានអត្ថន័យប្រហាក់ប្រហែលនឹងសីល៥ របស់ព្រះសម្មាសម្ពុទ្ធ ដែលមានចែងក្នុងទ្រឹស្តីរបស់ព្រះពុទ្ធសាសនា (ច្បាប់ពុទ្ធចក្រ)។ ថ្ងៃនេះ អង្គភាពព័ត៌មាន Fresh News និង Fresh News Plus នឹងលើកយកបទល្មើសទាំង៥ និងសីល៥ របស់ពុទ្ធសាសនា មកវែកញែកដើម្បីចែករំលែកជាចំណេះដឹង សម្រាប់ប្រិយមិត្តអ្នកអាន។

ក៖ សីលទី១ មានអត្ថន័យប្រហាក់ប្រហែលនឹងបទល្មើសឃាតកម្ម៖

* បាណាតិបាតា វេរមណី សិក្ខាបទំ សម្មាទិយាមិ៖ ករិយាមិនបៀតបៀន ឬយាយីជីវិតសត្វ។ សត្វលោកគ្រប់គ្នា តែងតែប្រាថ្នាចង់រស់ ប្រកបដោយភាពសុខសាន្ត មិនចង់ជួបប្រទះនឹងសេចក្ដីទុក្ខលំបាក ការបៀតបៀន ការសម្លុតគំរាមកំហែង ឬនិរាសព្រាត់ប្រាសឃ្លាតចាកនូវរបស់ជាទីស្រលាញ់ពេញចិត្តខ្លួនឡើយ។ ជីវិតមនុស្ស សត្វ គឺសំខាន់ជាងអ្វីៗទាំងអស់ ដូច្នេះហើយទើបព្រះសម្មាសម្ពុទ្ធ បានបញ្ញត្តិនូវការហាមមិនអោយបៀតបៀនជីវិតសត្វនេះនៅលំដាប់ទី១។

* បទឃាតកម្ម៖ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឫមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ទោសណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឫអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះជាបទឃាតកម្ម។ បទឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១០ឆ្នាំ ទៅ១៥ឆ្នាំ។

ខ៖ សីលទី២ មានអត្ថន័យនឹងបទល្មើសលួច៖

* អទិន្នាទានា វេរមណី សិក្ខាបទំ សម្មាទិយាមិ៖ កិរិយាមិនកាន់យករបស់ទ្រព្យអ្នកដទៃ។ ហាមកាន់យកនូវទ្រព្យសម្បត្តិ មាស ប្រាក់ ដែលគេមិនបានឲ្យដោយកាយ ដោយវាចា ឬដោយការសរសេរជាលាយលក្ខណ៍អក្សរ ដោយគ្មានការបង្ខិតបង្ខំ ការសម្លុតគំរាមកំហែង ឬប្រើល្បិចកិច្ចកលផ្សេងៗ។ កាលណាមានអាយុជីវិតរស់នៅហើយ មនុស្សលោកគ្រប់គ្នា តែងប្រាថ្នាការចង់បានទ្រព្យសម្បត្តិ ពីព្រោះជីវិតរបស់ពួកគេត្រូវពឹងផ្អែកទៅលើទ្រព្យសម្បត្តិ មាសប្រាក់ ទៅលើការមានអាហារហូបចុកគ្រប់គ្រាន់ មានសម្លៀកបំពាក់ មានផ្ទះសំបែងជ្រកកោនត្រឹមត្រូវ និងមានថ្នាំសម្រាប់ព្យាបាលរោគជាដើម។

* បទល្មើសលួច៖ មាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឫវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកមកធ្វើជា កម្មសិទ្ធិរបស់ខ្លួន។ មាត្រា៣៥៦ កំណត់ទោសលើអំពើលួច ដោយតម្រូវឲ្យដាក់ពន្ធនាគារ ពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ ពី១លានរៀល ទៅ៦លានរៀល។

គ៖ សីលទី៣ មានអត្ថន័យប្រហាក់ប្រហែលនឹងបទរំលោភសេពសន្ថវៈ៖

* កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សម្មាទិយាមិ៖ កិរិយាមិនប្រព្រិត្តខុសនូវសីលធម៌ ក្នុងផ្លូវភេទ។ ជាធម្មតាតែងតែមានក្រុមគ្រួសារ ស្វាមី ភរិយា បុត្រា បុត្រីជាដើម ហើយតែងប្រាថ្នាចង់រួមរស់នៅជួបជុំគ្នាជាសុខសាន្ត ប្រកបដោយសុភមង្គល មិនចង់បាននូវការបែកបាក់ ឈ្លោះទាស់ទែងខ្វែងគំនិតគ្នា ការផិតក្បត់ និងការរំលោភបំពានសោះឡើយ។ យើងស្រលាញ់ហួងហែងកូន ប្រពន្ធ និងមនុស្សដែលខ្លួនស្រលាញ់យ៉ាងណា គេក៏ស្រលាញ់ហួងហែងកូន ប្រពន្ធ និងមនុស្សដែលខ្លួនគេស្រលាញ់យ៉ាងនោះដែរ។

* បទរំលោភសេពសន្ថវៈ៖ មាត្រា៣៣៩ នៃក្រមព្រហ្មទណ្ឌ ចែងថា គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឫបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឫមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឫដោយការឆ្មក់óកាស គឺជាបទរំលោភសេពសន្ថវៈ។ បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥ឆ្នាំ ទៅ១០ឆ្នាំ។

ឃ៖ សីលទី៤ មានអត្ថន័យប្រហាក់ប្រហែលនឹងបទល្មើសឆបោក៖

* មុសាវាទា វេរមណី សិក្ខាបទំ សម្មាទិយាមិ៖ កិរិយាមិនពោលពាក្យកហុក បោកបញ្ឆោតអ្នកដទៃ។ ភាសា ឬសម្ដីនិយាយ គឺជាមធ្យោបាយមួយដ៏សំខាន់ក្នុងការទំនាក់ទំនងគ្នា។ ប៉ុន្តែ ប្រសិនមនុស្សមិនបានយកភាសា ទៅប្រើប្រាស់នៅក្នុងផ្លូវល្អទេនោះ ពិតជានឹងនាំមកនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៅវិញ មានការបាត់បង់ទំនុកចិត្តគ្នា បែកបាក់សាមគ្គីគ្នា ការចាញ់បោកគ្នា អំពើអយុត្តិធម៌ជាដើម។ ហេតុនេះ ទើបព្រះពុទ្ធបរមគ្រូ បានរៀបចំនូវច្បាប់សម្រាប់គ្រប់គ្រងភាសា ឬការនិយាយនេះឲ្យប្រព្រឹត្តទៅដោយប្រពៃមានសណ្ដាប់ធ្នាប់ និងស្ថិតនៅក្នុងក្រមសីលធម៌ខ្ពស់។

* បទឆបោក៖ មាត្រា៣៧៧ នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើឆបោក ជាអំពើបន្លំចំពោះរូបវ័ន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឫដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឲ្យខូចប្រយោជន៍បុគ្គលនេះ ឫរបស់តតិយជននូវ៖ ការប្រគល់មូលនិធិ តម្លៃ ឫទ្រព្យសម្បត្តិអ្វីមួយ ការផ្គត់ផ្គង់សេវា និងការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។ អំពើឆបោក ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ ពី១លានរៀល ទៅ៦លានរៀល (មាត្រា៣៧៨)។

ង៖ សីលទី៥ មានអត្ថន័យប្រហាក់ប្រហែលនឹងបទល្មើសចរាចរណ៍៖

* សុរាមេរយមជ្ជប្បមាទដ្ឋានា វេវមណី សិក្ខាបទំ សម្មាទិយាមិ៖ កិរិយាមិនសេពនូវទឹកស្រវឹង ឬគ្រឿងដែលធ្វើឲ្យប្រាជ្ញាថយចុះ ពោលការជក់គ្រឿងញៀន។ មនុស្សលោក គឺជាប្រភេទសត្វលោកដ៏វិសេស និងប្រសើរខ្ពង់ខ្ពស់ជាងសត្វតិរច្ឆាន។ គ្រឿងញៀន និងគ្រឿងស្រវឹង អាចធ្វើឲ្យមនុស្សលោក បាត់បង់នូវសតិសម្បជញ្ញៈ ហ៊ានប្រព្រឹត្តនូវអំពើគ្រប់បែបយ៉ាង មានអំពើអមនុស្សធម៌ ដូចជាសត្វតិរច្ឆានជាដើមផងដែរ។ ហេតុនេះ គប្បីចេះថែរក្សានូវឋានៈ និងភាពជាមនុស្សជាតិឲ្យស្ថិតនៅគង់វង្សល្អ ការពារកុំឲ្យឋានៈនេះ ធ្លាក់ទៅនៅទាបស្មើនឹងសត្វតិរច្ឆាន។

* បើតាមអនុក្រឹត្យលេខ៣៩ ត្រង់មាត្រា៦ ចំណុច៦ ចែងថា ត្រូវពិន័យអន្តរការណ៍ចំនួនទឹកប្រាក់ ២៥០,០០០រៀល ចំពោះអ្នកបើកបរដែលស្ថិតក្នុងភាពស្រវឹងមានអត្រាជាតិអាល់កុល ០,២៥ ទៅ០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ ទៅ០,៧៩ ក្រាមក្នុងមួយលីត្រឈាម។ ក្នុងករណីនេះ ត្រូវបញ្ឈប់មិនឲ្យបើកបរទៅមុខទៀត។

ចំណាំ៖ ចំពោះបទល្មើសគ្រឿងញៀន មានចែងលម្អិត នៅក្នុងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដែលត្រូវបានរដ្ឋសភា អនុម័តកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៩៦ កន្លងទៅ៕