(ស្វាយរៀង)៖ នៅក្នុងសប្តាហ៍នេះ មានការប្រកួតចំនួន៩គូ ធ្វើការប្រកួតពីថ្ងៃសុក្រ-សៅរ៍ និងអាទិត្យ ទី២៦-២៧-២៨ ខែមិថុនា ឆ្នាំ២០២០ នៅទីលានវិទ្យាល័យស្វាយរៀង។

សូមបញ្ជាក់ថា ការចាប់ផ្តើមដំណើរការប្រកួតពានរង្វាន់ស្វាយរៀងខាប់ ឆ្នាំ២០២០ឡើងវិញនេះ គឺក្រោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឲ្យការប្រកួតកីឡាដំណើរការជាជំហានៗ ដោយការប្រកួតស្វាយរៀងខាប់ ត្រូវអនុវត្តន៍តាមនីតិវិធីការពារសុវត្ថិភាពពីជំងឺកូវីដ១៩ ដូចជា ការរក្សាគំលាត ការវាស់កំដៅ និងបាញ់អាល់កុល ចំពោះកីឡាករ និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ មុនចូលបរិវេណទីលានប្រកួត។ មិនអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនា ហើយនៅក្នុងបរិវេណទីលានប្រកួតមិនឲ្យមានមនុស្សលើសពី៨០នាក់។

គួរំលឹងផងដែរថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។

ការរៀបចំពានរង្វាន់ស្វាយរៀងខាប់នេះឡើង ក្នុងគោលបំណងបង្កើតឲ្យមានសកម្មភាពកីឡាដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕