(ក្រុងឡុងដ៍)៖ ជំនួបរវាងក្រុម Manchester City ជាមួយក្រុមហង្សក្រហម Liverpool នឹងប្រព្រឹត្តទៅនៅឯកីឡដ្ឋាន Etihad របស់ក្លិបមេឃខៀវ បើទោះបីជាមានការបារម្ភចំពោះអ្នកគាំទ្រប៉ះទង្គិចគ្នាក៏ដោយ។

តាមរយ:ព័ត៌មានពី Channel News Asia បានចេញផ្សាយថា Liverpool អាចដណ្តើមបានពានលីគកំពូលអង់គ្លេស Premier League លើកដំបូងក្នុងរយៈពេល ៣០ឆ្នាំនៅទឹកដី Man City នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ គ្រាដែលអាជ្ញាធរកំពុងមានការព្រួយបារម្ភថាអ្នកគាំទ្រអាចប្រមូលផ្តុំគ្នានៅខាងក្រៅពហុកីឡដ្ឋាន ដើម្បីអបអរភាពជោគជ័យរបស់ពួកគេ ចំពេលការរឹតត្បិតជាបណ្តោះអាសន្នដោយសារតែជំងឺរាតត្បាតនៃជំងឺ Covid-19។

ការប្រកួតនេះ គឺជាការប្រកួតមួយក្នុងចំណោម៥ ដែលប៉ូលីសបានស្នើសុំឲ្យលេងនៅកន្លែងអព្យាក្រឹត ប៉ុន្តែក្រុមប្រឹក្សាសុវត្ថិភាពរបស់ក្រុមប្រឹក្សាក្រុង Manchester (SAG) បាននិយាយថា វាមិនមានការជំទាស់ទៅនឹងការប្រកួតដែលកើតឡើងនៅពហុកីឡដ្ឋាន Etihad នោះទេ។

តែយ៉ាងណា ប្រសិនបើ Man City មិនបានយកឈ្នះក្រុមតោខៀវ Chelsea នៅថ្ងៃព្រហស្បតិ៍នេះ នោះ Liverpool នឹងក្លាយជាជើងឯកតែម្តង ទោះនៅសល់ ៧ប្រកួតទៀតក៏ដោយ ក៏ប៉ុន្តែប្រសិនបើ Man City ឈ្នះនៅ Stamford Bridge រាត្រីនេះវិញ Liverpool អាចនឹងឈ្នះពានរង្វាន់នេះជាមួយនឹងលទ្ធផលស្មើទល់នឹងក្រុមរបស់លោក Pep Guardiola នៅសប្តាហ៍ក្រោយ៕