(លីវើភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានឈ្នះពានរង្វាន់ជើងឯកលីគកំពូល Premier League ជាលើកទី១ ក្រោយរង់ចាំអស់រយៈពេល ៣០ឆ្នាំនៅពេលក្រុមការពារតំណែងជើងឯក Manchester City បានប្រកួតចាញ់ម្ចាស់ផ្ទះ តោខៀវ Chelsea នៅរាត្រីថ្ងៃព្រហស្បតិ៍។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយថា ការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងរបស់ហង្សក្រហម ត្រូវបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមលេខ២ Manchester City មិនអាចយកឈ្នះក្រុម Chelsea នៅកីឡដ្ឋាន Stamford Bridge ដែលធ្វើឲ្យពួកគេ (Man City) ចាញ់ដាច់២៣ពិន្ទុគិតត្រឹមសប្តាហ៍ទី៣១ ជើងទី២នេះ។

លទ្ធផលនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp មាន២៣ពិន្ទុនាំមុខក្រុមរបស់លោក Pep Guardiola ខណៈនៅសល់តែ ៧ប្រកួតទៀតមុនពេលបិទរដូវកាលជាផ្លូវការ។

នេះក៏ជាលើកទី១៩ផងដែរ ដែលក្រុមមានមូលដ្ឋាននៅទីក្រុង Liverpool នៃប្រទេសអង់គ្លេសឈ្នះជើងឯកលីគ និងឈ្នះចុងក្រោយនាឆ្នាំ១៩៩០ ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់លេខ២ផងដែររដូវកាលមុន ដែលបានឈ្នះពាន UEFA Champions League ផងនោះ៕