(តាកា)៖ អ្នករៀបចំព្រឹត្តិការណ៍បាល់ទាត់ World Cup នៅក្នុងប្រទេសតាកា បានរាយការណ៍ថា មានករណីអ្នកស្លាប់ដំបូង ដោយសារតែជំងឺឆ្លង COVID-19 នៃកម្មករដែលធ្វើការ នៅទីតាំងសាងសង់អគារ សម្រាប់រៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍បាល់ទាត់ លំដាប់ថ្នាក់ពិភពលោក នៅឆ្នាំ២០២២ខាងមុន, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយថ្ងៃទី២៦ ខែមិថុនានេះ។

ប្រភពជិតស្និទ្ធទៅនឹងអ្នករៀបចំព្រឹត្តិការណ៍របស់កាតា បានប្រាប់ថា មានករណីឆ្លងចំនួន១,១០២ករណី ដែលបានរកឃើញ នៅក្នុងចំណោមកម្មករ ដែលធ្វើការ នៅក្នុងគម្រោង ជាមួយនឹង១២១ករណីឆ្លង មិនទាន់ជាសះស្បើយនៅឡើយ។

តាមការចុះផ្សាយពីសារព័ត៌មាន Doha News របស់កាតា បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះ គឺជាវិស្វករម្នាក់ មានវ័យប្រមាណ៥០ឆ្នាំ ប៉ុន្តែមិនបានបញ្ជាក់ថា ជាជនជាតិអ្វីនោះឡើយ។

កាតា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានអត្រាប្រជាជនឆ្លងវីរ៉ុស COVID-19 ខ្ពស់ជាងគេបំផុត នៅលើពិភពលោក ជាមួយនឹងអត្រាឆ្លង៣.៣ភាគរយ នៃអត្រាប្រជាជន២.៧៥លាននាក់របស់ខ្លួន ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន។ ភាគច្រើននៃពួកគេ បានជាសះស្បើយវិញ ជាមួយនឹង១៧,៥៩១ករណី មិនទាន់ជាសះស្បើយ និង១០៤ករណីបានស្លាប់៕