(អាល្លឺម៉ង់)៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង Berlin Marathon របស់អាល្លឺម៉ង់ នឹងមិនធ្វើឡើងនោះទេនៅក្នុងឆ្នាំនេះ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើតាមអ្នករៀបចំកម្មវិធី បានប្រាប់ឲ្យដឹងហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
វាគឺជាលើកដំបូងហើយ នៃព្រឹត្តិការណ៍រត់ប្រចាំឆ្នាំនេះ ដែលត្រូវបានលុបចោលវិញ ចាប់តាំងពីព្រឹត្តិការណ៍ដំបូង ដែលបានធ្វើឡើងនៅក្នុងឆ្នាំ១៩៧៤។
ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញាខាងមុខ, ប៉ុន្តែអ្នករៀបចំកម្មវិធី បានបង្ហាញថា ការរកកាលបរិច្ឆេទថ្មី សម្រាប់ការរៀបចំព្រឹត្តិការណ៍ នៅក្នុងឆ្នាំនេះ គឺមិនអាចធ្វើទៅបាននោះទេ។
អ្នករៀបចំបានបន្ថែមថា អ្នកចូលរួមដែលបានចុះឈ្មោះទាំងអស់ អាចផ្ទេរទៅចូលរួម នៅក្នុងព្រឹត្តិការណ៍នាឆ្នាំក្រោយបាន ឬក៏អាចដកយកថវិកាវិញបាន។
ព្រឹទ្ធសភាក្រុងប៊ែកឡាំង បានអនុម័តនូវការដាក់កំហិតសង្គម កាលពីដើមខែមេសា ដើម្បីហាមឃាត់រាល់ការធ្វើព្រឹត្តិការណ៍ធំៗទាំងឡាយណា ដែលមានមនុស្សចូលរួមលើសពី៥,០០០នាក់ មុនថ្ងៃទី២៤ ខែតុលា៕