(អាមេរិក)៖ ក្រុមហ៊ុន Apple គ្រោងនឹងបិទហាងលក់រាយរបស់ខ្លួនចំនួន ០៧កន្លែងនៅទីក្រុងហ៊ូស្តុន (Houston) រដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ដោយសារតែការកើនឡើងចំនួនករណីឆ្លង COVID-19 ខ្ពស់បំផុតមិនធ្លាប់មាន ឬអាចហៅថា ជាការផ្ទុះរលកទី ២ នៃការឆ្លងរាតត្បាត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Apple ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

ក្រុមហ៊ុន Apple បានបញ្ជាក់ថា យើងកំពុងត្រួតពិនិត្យស្ថានភាព នៅក្នុងសហគមន៍នីមួយៗដើម្បីសម្រេចថា តើត្រូវបិទ និងបើកដំណើរការហាងរបស់យើងនៅពេលណា។ សម្រាប់ការត្រៀមបិទដំណើរការហាងនៅទីក្រុងហ៊ូស្តុន បានកើងមានឡើងបន្ទាប់ពីមាន ការបិទទ្វារហាងស្រដៀងគ្នានេះដែរកាលពីសប្តាហ៍មុន នៅរដ្ឋផ្លូរីដា អារីហ្សូណា រដ្ឋខារ៉ូលីណាខាងត្បូង និងរដ្ឋខារ៉ូលីណាខាងជើង។

ក្រុមហ៊ុន Apple បានក៏បានបញ្ជាក់ទៀតដែរថា អំឡុងពេលដែលភិពលោកកំពុងប្រយុទ្ធប្រឆាំងនឹង COVID-19 ប្រតិបត្តិការរបស់យើងនៅតែបន្ត បោះជំហានទៅមុខជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ ទន្ទឹងនឹងនេះដែរ យើងកំពុងតែឃ្លាំមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់បំផុត ហើយយើងក៏រំពឹងដែរថា យើងនឹងអាចមប្រើអតិថិជនរបស់យើងឡើងវិញ ក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន៕