(ភ្នំពេញ)៖ អ្នកគាំទ្រជាច្រើន កំពុងរង់ចាំការត្រឡប់មកវិញនៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ ទោះបីត្រូវប្រកួតបិទទ្វារសិនក៏ដោយ ពិសេសជំនួបដ៏ធំប្រចាំសប្ដាហ៍ទី៦ រវាងក្លិបភ្នំពេញក្រោន និងវិសាខា ដែលគ្រោងប្រកួតនាថ្ងៃទី០៥ ខែកក្កដាខាងមុខ នៅកីឡដ្ឋាន RSN ពោលគឺនៅសល់ ១០ថ្ងៃទៀតប៉ុណ្ណោះ។
លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោនបានលើកឡើងថា ការប្រកួតនេះ ប្រៀបដូចជាការប្រកួតបើករដូវកាលថ្មីដែរ ក្រោយលីគផ្អាកការប្រកួតជាង ២ខែ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19)។ លោករំពឹងការប្រកួតជាមួយវិសាខា នឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត ដ្បិតក្រុមទាំងពីរ សុទ្ធតែជាក្រុមធំៗក្នុងស្រុក។ តែសោកស្ដាយ ការប្រកួតនឹងធ្វើឡើងដោយបិទទ្វារ គ្មានអ្នកទស្សនា។
ម្ចាស់ពានរង្វាន់គ្រូបង្វឹកល្អរបស់ CNCC ប្រចាំខែកុម្ភៈខាងលើបន្ដថា «យើងដឹងហើយ វិសាខាគឺជាក្រុមខ្លាំងមួយ មានគុណភាពខ្ពស់ក្នុងការលេង ហើយកីឡាកររបស់គាត់ក៏មានគុណភាព ហើយការរៀបចំរបស់ថ្នាក់ដឹកនាំរបស់គាត់ក៏បានល្អ។ អញ្ចឹងយើងសង្ឃឹមថា ក្រុមទាំងពីរនឹងធ្វើបានល្អ ទាំងយើង ទាំងវិសាខា»។
គ្រូបង្វឹកជនជាតិកម្ពុជារូបនេះបញ្ជាក់ថា «អ្វីដែលយើងចាប់អារម្មណ៍ទៀតនោះ បើសិនក្រុមទាំងពីរប៉ះគ្នា ហើយបើយើងមានលទ្ធភាពឲ្យ Fan ចូលទស្សនា បាល់ទាត់យើងរឹតតែចាប់អារម្មណ៍ថែមទៀត ទាំងក្នុងស្រុក និងក្រៅស្រុក ព្រោះជាក្រុមធំៗ លេង ទស្សនិកជនគាត់ចាប់អារម្មណ៍ច្រើន។ ប៉ុន្ដែអកុសល ដោយសារកូវីដ-១៩ បានយើងដាក់បម្រាថា លេងបិទទ្វា ដោយមិនមានទស្សនិកជនចូលទស្សនា»។ លោក ស៊ុំ វណ្ណា បន្ថែម។
គួរដឹងថា តាំងពីវិសាខាឡើងមកលេងក្របខណ្ឌលីគកំពូលកម្ពុជា ភ្នំពេញក្រោន នៅមិនទាន់មានប្រវត្តិឈ្នះក្រុមមានមូលដ្ឋាននៅក្បែរគ្នានេះទេ ដោយជួបគ្នា ២ជើង កាលពីឆ្នាំ២០១៨ ជើងទី១ ស្មើគ្នា ០-០ និងជើងទី២ វិសាខា ឈ្នះ ៣-១។ រីឯឆ្នាំ២០១៩ វិសាខា បានយកឈ្នះទាំង ២ជើង ដោយលទ្ធផល ៣-១ ក្រៅដី និង ៤-៣ ក្នុងដី។ ដូច្នេះចាំមើលឆ្នាំនេះ ភ្នំពេញក្រោន អាចបំបែកកំណត់ត្រាមិនទាន់ស្គាល់ឈ្នះវិសាខាបានទេ?
យ៉ាងណាមិញជាមួយការចាប់ផ្ដើមរដូវកាលថ្មី ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក ស៊ុំ វណ្ណា ភ្នំពេញក្រោន បានសម្រេចលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុឈរកំពូលតារាងបណ្ដោះអាសន្ន គ្រាដែលវិសាខា ទើបរកបាន ៩ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតដូចគ្នា ឈ្នះ៣ និងចាញ់២ រកបាន ៩ពិន្ទុ ឈរនៅលេខរៀងទី៣៕