(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool នឹងទទួលបានរង្វាន់ជាទឹកប្រាក់ប្រមាណ ១៥០លានផោន ស្មើនឹង ១៨២លានដុល្លារអាមេរិកពីការឈ្នះជើងឯកពានរង្វាន់លីគកំពូលអង់គ្លេស Premier League នារដូវកាលឆ្នាំ២០១៩-២០២០ នេះ។
តាមរយៈព័ត៌មានពីគេហទំព័រ Goal បានចេញផ្សាយថា ជើងឯកលីគរដូវកាលនេះប្រាក់រង្វាន់ជាទឺកប្រមាណ ១៨២លានដុល្លារ បន្ថែមលើមេដាយមាសចំនួន ៤៥គ្រឿង និងពានប្រចាំព្រឹត្តិការណ៍ ១ទៀត បន្ទាប់ចំណាយពេល ប្រកួតជិត ៩ខែវិលជុំសន្សំពិន្ទុចាប់ពីខែសីហា ដល់ខែឧសភាជារឿងរាល់ឆ្នាំ។
ទឹកប្រាក់ទាំងនេះ ប្រមូលបានមកពីប្រព័ន្ធផ្សព្វផ្សាយ - TV money និងពីបណ្តាញទូរទស្សន៍នានាដែលបានចូលរួមទិញសិទ្ធិផ្ទាល់ និងបន្តផ្ទាល់ទៅកាន់ពិភពលោក ដែលត្រូវយកចែកជូនទៅតាមចំណាត់ថ្នាក់ចុងក្រោយនៃក្លិបនីមួយៗ បន្ទាប់ពីបិទរដូវកាលទាំងស្រុង។
គួរបញ្ជាក់ផងថា ចំនួនទឹកប្រាក់ខាងលើនេះ មិនរាប់បញ្ចូលថ្លៃលក់សំបុត្រប្រចាំសប្តាហ៍ និងដៃគូសហប្រតិបត្តិការរវាងក្លិបនោះឡើយ។
Liverpool ត្រូវបានប្រកាសជាជើងឯក Premier League រដូវកាលនេះជាផ្លូវការ នៅក្រោយពេលក្រុមលេខ២ Manchester City ដែលជាក្រុមការពារជើងឯកផងនោះ បានប្រកួតចាញ់ម្ចាស់ផ្ទះតោខៀវ Chelsea ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Stamford Bridge ស្ថិតក្នុងទីក្រុង London ដែលធ្វើឲ្យមានគម្លាតដាច់ដល់ទៅ ២៣ពិន្ទុគិតត្រឹមសប្តាហ៍ទី៣១ ដោយនៅសល់ ៧ប្រកួតទៀត ស្មើនឹង ២១ពិន្ទុ (ករណីឈ្នះ) នឹងបិទរដូវកាលឆ្នាំ២០១៩-២០២០ នេះ៕