(ភ្នំពេញ)៖ តារាសម្ដែងកំពុងក្ដោបក្ដាប់ ប្រជាប្រិយភាពពេញដៃ កញ្ញា ស៊ីន យូប៊ីន បន្ទាប់ពីមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាលក្ខណៈអន្តរជាតិហើយនោះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ដោយគ្រាន់តែស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ស្ងប់ស្ងាត់ភ្លាម នាងបានជះទុនបើកមុខជំនួញខ្លួនឯង ដោយបាននាំយកម៉ាកតែគុជ «Fire Tiger» មកកាន់ប្រទេសកម្ពុជា ជាលើកដំបូង ខណៈដែលការងារសិល្បៈ ក៏កំពុងតែចាប់ផ្ដើមមមាញឹកឡើងវិញ។

ស្រីស្រស់សម្រស់ផូរផង់ រាយមន្តស្នេហ៍រយពាន់ កញ្ញា ស៊ីន យូប៊ីន បានថ្លែងប្រាប់ Fresh News Plus ថា អាជីវកម្មលើកដំបូងរបស់នាងនៅពេលនេះ គឺការនាំយកភេសជ្ជៈតែគុជ «Fire Tiger» ដែលល្បីឈ្មោះជាលក្ខណៈអន្តរជាតិ ចូលមកក្នុងប្រទេសកម្ពុជាលើកដំបូង។ នាងបន្តថា មូលហេតុដែលនាងសម្រេចចិត្តនាំយក Fire Tiger មកកាន់ប្រទេសកម្ពុជា គឺដោយសារតែភេសជ្ជៈ មានឈ្មោះល្បីទាំងនៅតំបន់អឺរ៉ុប និងតំបន់អាស៊ី និយាយជារួមអ្នកដែលធ្លាប់ចេញចូលក្រៅប្រទេស គឺនឹងស្គាល់ច្បាស់ពីរសជាតិនេះ។

«ច៎ាបង..ខ្ញុំចង់នាំយករសជាតិនេះ ដើម្បីឲ្យបងប្អូននៅក្នុងប្រទេសកម្ពុជាបានភ្លក្ស និងស្គាល់ទាំងអស់គ្នា ព្រោះបណ្ដាប្រទេសជាច្រើននៅអាស៊ី គឺគេមានអស់ហើយ ក្នុងនោះមានដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសថៃជាដើម។ ទោះបីជាការងារសិល្បៈរបស់ខ្ញុំ មានភាពមមាញឹកបន្តិចក្ដី ប៉ុន្តែមិនប៉ះពាល់អាជីវកម្មលើកដំបូងរបស់ខ្ញុំនេះទេ ព្រោះខ្ញុំបានបែងចែកពេលវេលា​ច្បាស់លាស់ នៅក្នុងការគ្រប់គ្រង..!»។ ស្រីស្រស់ ស៊ីន យូប៊ីន បញ្ជាក់បន្ថែម។

តារាសម្ដែងមានឈ្មោះល្បី រហូតដល់ប្រទេសថៃ កញ្ញា ស៊ីន យូប៊ីន បានបញ្ជាក់បន្ថែមថា តែគុជដ៏ល្បី និងមានរសជាតិឆ្ងាញ់លំដាប់ PREMIUMS Fire Tiger គឺជាប្រេនមកពីប្រទេសថៃ​ ដែលទទួលបានប្រជាប្រិយភាពខ្លាំង​ តាមបណ្ដាប្រទេសនានាជាច្រើនទាំងនៅអាស៊ី និងអឺរ៉ុប។ តាមរយៈការពង្រីកសាខាទៅតាមបណ្ដាប្រទេសទាំងនោះ ហើយពេលនេះ Fire Tiger ក៏បានឈានចូលមកដល់ទឹកដី ប្រទេសកម្ពុជាហើយ។

នាងបន្តថា លក្ខណៈពិសេស ដែលធ្វើឲ្យ Fire Tiger ត្រូវបានឲ្យឈ្មោះថាជាប្រេនលំដាប់ Premium ដោយសារតែវត្ថុធាតុដើម និងគ្រឿងផ្សំសុទ្ធតែមានការពិនិត្យ និងជ្រើសរើសត្រឹមត្រូវតាមស្តង់ដារពិសេស និងមានតម្លៃថ្លៃ។ រីឯរបៀបធ្វើ ពីមួយដំណាក់កាលទៅមួយដំណាក់កាល សុទ្ធសឹងតែអនុវត្តតាមរូបមន្តដើមពិតៗ ដោយសូម្បីតែគុជដែលស្ងោរហើយ យកប្រើប្រាស់ត្រឹមរយៈពេល ៤ម៉ោងប៉ុណ្ណោះ ដើម្បីធានាគុណភាពនៃភេសជ្ជៈ ដែលជាហេតុធ្វើឲ្យតែគុជមួយកែវៗ សុទ្ធតែមានរសជាតិឆ្ងាញ់ពិសេសពេញលក្ខណៈ ដូចរសជាតិដើមទាំងស្រុង។

សូមបញ្ជាក់ថា Fire Tiger ត្រូវបានបើកដំណើរការសាកល្បង កាលពី​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ជាន់ទី២ ដោយមានការចូលរួមកិត្តិយសពីតារាល្បីៗ និងអតិថិជនជាច្រើនកុះករ សម្រាប់កម្មវិធីដ៏ពិសេសនេះ៕