(ភ្នំពេញ)៖ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី០១ លើវិញ្ញាសារការប្រកួតវង់ភ្លេងការបុរាណខ្មែរ និងវង់ភ្លេងការសម័យកណ្តាលខ្មែរ វគ្គផ្តាច់ព្រ័ត្រ បានរកឃើញក្រុមជ័យលាភីហើយ បន្ទាប់ពីឆ្លងកាត់ការប្រឡងសមត្ថភាពអស់រយៈពេលប្រមាណ ៥ខែកន្លងមកនេះ និងមានការវាយតម្លៃដាក់ពិន្ទុយ៉ាងសុក្រឹត្យពីគណៈមេប្រយោគ។
វគ្គផ្តាច់ព្រ័ត្រ បានរៀបចំឡើង នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅស្ទូឌីយូបាយ័នស្ទឹងមានជ័យ ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីក្រុមវង់ភ្លេងការជាច្រើនក្រុមផងដែរ។
ក្រុមបេក្ខជនប្រកួតក្នុងទម្រង់វង់ភ្លេងការបុរាណខ្មែរ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មានក្រុមកេរមរតកដូនតា មកពីរាជធានីភ្នំពេញ ក្រុមមន្ទីរវប្បធម៌ខេត្តព្រៃវែងមកពីខេត្តព្រៃវែង និងក្រុមវង់តន្ត្រីកោះកេរ្តិ៍មកពីខេត្តកណ្ដាល ហើយសម្រាប់ទម្រង់វង់ភ្លេងការសម័យកណ្ដាលខ្មែរ ដែលមាន៣ក្រុមបេក្ខជនប្រកួតដូចជា ក្រុមគ្រូនាដមកពីខេត្តស្វាយរៀង ក្រុមមរតកតន្ត្រីវ័យក្មេងមកពីរាជធានីភ្នំពេញ និងក្រុមប៊ុនថែនប្រពៃណីមកពីខេត្តសៀមរាប។
លទ្ធផលនៃវិញ្ញាសារទាំង ២ប្រភេទនេះ រួមមាន៖
* ការប្រកួតវង់ភ្លេងការបុរាណខ្មែរ៖ លេខ១ បានទៅលើក្រុមកេរមរតកដូនតា មកពីរាជធានីភ្នំពេញ, លេខ២ បានទៅលើក្រុមមន្ទីរវប្បធម៌ខេត្តព្រៃវែង មកពីខេត្តព្រៃវែង, និងលេខ៣ បានទៅលើក្រុមតន្រ្តីកោះកេរ្តិ៍ មកពីខេត្តកណ្តាល។
* វង់ភ្លេងការសម័យកណ្តាលខ្មែរ៖ លេខ១ បានទៅលើក្រុមប៊ុនថែនប្រពៃណី មកពីខេត្តសៀមរាប, លេខ២ បានទៅលើក្រុមគ្រូនាដ មកពីខេត្តស្វាយរៀង, និងលេខ៣ បានទៅលើក្រុមមរតកតន្ត្រីវ័យក្មេង។
កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី០១នេះ បានចាប់ផ្តើមបើកការប្រកួតតាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយមានជាច្រើនដំណាក់កាលដូចជា៖ ដំណាក់កាលផ្សព្វផ្សាយ និងដាក់ពាក្យចូលរួមប្រកួត, ការវាយតម្លៃជម្រុះលើកទី១ តាមរយៈវីដេអូដំបូងរបស់ក្រុមបេក្ខភាព, វគ្គតម្រង់ទិស, ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមការវាយតម្លៃដោយគណៈកម្មការសាស្ត្រាចារ្យមេប្រយោគ, វគ្គជម្រុះចុងក្រោយដោយការឆ្នោតពីសំណាក់អ្នកគាំទ្រ និងមហាជនតាមរយៈវីដេអូប្រកួតលើកទី២ របស់ក្រុមប្រកួតលើទំព័រហ្វេសបុកផ្លូវការរបស់ ស.ស.យ.ក ខេត្តស្វាយរៀង បូកជាមួយពិន្ទុពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ, វគ្គប្រកួតផ្តាច់ព្រ័ត្រដើម្បីស្វែងរកជ័យលាភីលេខ១ លេខ២ និងលេខ៣ នៃទម្រង់វង់ភ្លេងនីមួយៗទាំងពីរ។
កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី០១ បានធ្វើឡើងក្រោមវិញ្ញាសាការប្រកួតវង់ភ្លេងការបុរាណខ្មែរ និងភ្លេងការសម័យកណ្ដាលខ្មែរ ដែលផ្តួចផ្តើមគំនិត និងរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមានលោក ឌី វិជ្ជា ជាប្រធាន និងមានការគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមមិត្តតន្រ្តីករ និងការចូលរួមផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍ BTV។ កម្មវិធីវង់តន្ត្រីខ្មែរនេះ រៀបចំឡើង ក្នុងគោលបំណង៖ ចូលរួមលើកកម្ពស់ការថែរក្សាការពារសិល្បៈ ទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយឧបករណ៍តន្ត្រីខ្មែរ ទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ និងបរទេសបានស្គាល់ឱ្យបានច្រើន។
ជាមួយគ្នានេះផងដែរ កម្មវីធីវង់តន្ត្រីខ្មែរ ក៏បានលើកតម្លៃ និងសម្រស់នៃឧបករណ៍បុរាណ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយតម្រូវឱ្យបេក្ខភាពចូលរួមប្រកួត រៀបចំខ្លួនស្លៀកពាក់ទៅតាមទម្រង់ ស្រស់ស្អាតតាមបែបប្រពៃណីបុរាណខ្មែរ ក្នុងអំឡុងពេលប្រគំក្នុងការប្រកួត ហើយក្រុមបេក្ខភាពចូលរួមប្រកួត គឺត្រូវវាយតម្លៃដោយគណៈកម្មការសាស្ត្រាចារ្យមេប្រយោគ ដែលពីពោរពេញដោយបទពិសោធន៍ក្នុងវិស័យសិល្បៈបុរាណខ្មែរ៕