(ហ្សាកាតា)៖ Nike Inc ដែលត្រូវបានស្គាល់ថា ជាក្រុមហ៊ុនផលិតសម្ភារ:កីឡាដ៏ធំនៅលេីពិភពលោកនោះ បានព្រមានអំពីការកាត់បន្ថយការងារមួយចំនួនដោយសារតែក្រុមហ៊ុនចង់លក់ដោយផ្ទាល់ដល់អតិថិជនតាមរយៈ Online វិញ។
តាមរយ:ព័ត៌មានពី Channel News Asia បានចេញផ្សាយថា គម្រោងកាត់បន្ថយបុគ្គលិកខាងលេីនេះអាចនឹងកើតមានឡេីង បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់ចំណូលសុទ្ធប្រចាំត្រីមាសចំនួន ៧៩០លានដុល្លារអាមេរិក ដែលនេះជាលើកទី១ ក្នុងរយៈពេល ២ឆ្នាំទៀត ដោយសារអាជីវកម្មលក់ដុំរបស់ខ្លួនទទួលរងនូវការដួលរលំ ក៏ព្រោះតែហាងលក់ទំនិញមួយចំនួនធំបិទទ្វារ ពីការភ័យខ្លាច Covid-19។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញតាមអ៊ីមែលរបស់ Nike បានបញ្ជាក់ថា យើងកំពុងផ្លាស់ប្តូរធនធាន និងបង្កើតសមត្ថភាពក្នុងការវិនិយោគនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់បំផុតរបស់យើង ហើយយើងរំពឹងថាការកែប្រែឥរិយាបថថ្មីនេះ ទំនងជានឹងបាត់បង់ការងារ។
ជាមួយគ្នានោះ នាយកប្រតិបត្តិក្រុមហ៊ុន លោក John Donahoe បានប្រាប់ក្រុមអ្នកវិភាគកាលពីថ្ងៃព្រហស្បតិ៍ថា ឥឡូវនេះក្រុមហ៊ុននឹងផ្តោតលើប្រព័ន្ធឌីជីថលចំនួន ៥០ភាគរយនៃអាជីវកម្មសរុបរបស់ខ្លួនដែលកើនឡើងពី ៣០ភាគរយដែលបានកត់ត្រានៅក្នុងត្រីមាសដែលបានរាយការណ៍។
លោកបានសង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់យើង គឺបង្កើតទីផ្សារឌីជីថលច្បាស់លាស់និងផ្សារភ្ជាប់គ្នា…ដូច្នេះយើងកំពុងពន្លឿនវិធីសាស្ត្ររបស់យើងបន្ថែមទៀត។
លោក Donahoe ដែលជាអតីតនាយកប្រតិបត្តិរបស់ ServiceNow និងជានាយកប្រតិបត្តិ eBay បានចូលរួមជាមួយក្រុមហ៊ុន Nike កាលពីដើមឆ្នាំនេះដោយសារក្រុមហ៊ុននេះ បានកំពុងជំរុញអាជីវកម្មដោយផ្ទាល់ដល់អតិថិជន។
តែបេីយោងតាមប្រព័ន្ធផ្សព្វផ្សាយ Complex ដែលដកស្រង់លិខិតរបស់លោក Donahoe ដែលបានផ្ញេីទៅកាន់និយោជិកបានឲ្យដឹងថា ក្រុមហ៊ុនមិនទាន់ដឹងថាតេីចំនួនការងារប៉ុន្មាននឹងត្រូវកាត់បន្ថយនោះទេ ហើយតើនរណានឹងត្រូវរងផលប៉ះពាល់ជាក់លាក់នោះដែរ៕