(កូរ៉េ)៖ BLACKPINK ក្រុមចម្រៀងនារីល្បីឈ្មោះ បោះសំឡេងក្នុងវិស័យ K-POP បានបំបែកកំណត់ត្រាធំបំផុតក្នុងប្រវត្តិសាស្រ្ត Youtube ទាញបានអ្នកចូលទស្សនា ការបញ្ចាំងផ្ទាល់ MV ចម្រៀងថ្មីរបស់ពួកគេក្នុងយូធូប រហូតដល់ទៅ ១.៦៥ លាននាក់។ បទថ្មីរបស់ BLACKPINK «How You Like That» បានបំបែកកំណត់ត្រារបស់ ក្រុម BTS កាលពីខែកុម្ភៈ។ នេះបើតាមការដកស្រង់ ការចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។
បទថ្មី «How You Like That» ដែលបានបញ្ចេញនៅវេលាម៉ោង ៤៖០០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៦ ខែមិថុនា គឺជាចម្រៀងមួយបទ ក្នុងអាល់ប៊ុមធំដំបូងរបស់ ក្នុង BLACKPINK ខណៈអាល់ប៊ុមធំនោះ នឹងបញ្ចេញក្នុងខែកញ្ញា។
ជាការកត់សម្គាល់ ការបញ្ចេញចម្រៀងថ្មី «How You Like That» គឺបន្ទាប់ពី BLACKPINK ខកខានបញ្ចេញចម្រៀងជាង១ឆ្នាំមកហើយ ចាប់តាំងពីបទ «Kill This Love»។ បទថ្មីរបស់ពួកគេ ដែលកំពុងផ្ទុះការគាំទ្រពីបណ្តាអ្នកគាំទ្រ ជុំវិញពិភពលោកនៅពេលនេះ បានបំបែកកំណត់ត្រាជាច្រើន ជាក់ស្តែង ក្នុង Youtube គិតត្រឹមព្រឹកថ្ងៃទី២៧ គឺមានអ្នកចូលទស្សនាជិត ៧០លានដងទៅហើយ។
គួរជម្រាបថា ក្នុង BLACKPINK ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦។ BLACKPINK បានក្លាយជាក្រុមចម្រៀង K-POP ដែលមានប្រជាប្រិយភាពបំផុត ជាមួយសមាជិកនារី ៤នាក់ ក្នុងនោះរួមមាន Lisa, Jennie, Rosé and Jisoo។ គ្រប់គ្នាកំពុងតែរង់ចាំមើលថា តើក្នុងរយៈពេល ២៤ម៉ោង ក្រុមនារីមួយនេះ បំបែកកំណត់ត្រាអ្វីខ្លះ ក្នុងប្រវត្តិសាស្ត្របន្ថែមទៀត៕