(អាមេរិក)៖ លោក Ron Jeremy ដែលជាតារាសម្តែងភាពយន្ត 18+ មានភាពល្បីល្បាញខ្លាំងនៅអាមេរិកនោះ, នៅថ្ងៃសុក្រសប្តាហ៍នេះ អំឡុងពេលឡើងតុលាការ បានបដិសេធមិនទទួលស្គាល់ការចោទប្រកាន់ ខណៈលោកត្រូវបានចោទ ពីករណីរំលោភសេពសន្ថវៈលើស្ត្រី ៣នាក់ និងបៀតបៀនផ្លូវភេទលើស្ត្រីម្នាក់ទៀត។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយ ពីសារព័ត៌មាន Fox News នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។
លោក Jeremy ដែលមានឈ្មោះពិត Ronald Jeremy Hyatt បានបង្ហាញខ្លួន ក្នុងសវនាកា Los Angeles នៅថ្ងៃសុក្រ សប្តាហ៍នេះ។ ក្នុងសវនាកា មេធាវីតំណាងឲ្យលោក Jeremy បានបដិសេធនិងមិនទទួលស្គាល់ ការចោទប្រកាន់របស់តុលាការ ដែលថាកូនក្តីរបស់ខ្លួន គឺលោក Jeremy មិនបានរំលោភទាំងបង្ខំលើនារី៣នាក់ និងបៀតបៀនផ្លូវភេទលើនារីម្នាក់។
បុរសវ័យ ៦៧ឆ្នាំរូបនេះ បានបង្ហាញខ្លួនក្នុងតុលាការ ជាមួយឈុតសម្លៀកបំពាក់ពណ៌ទឹកក្រូច និងម៉ាសពណ៌ទឹកក្រូចលាយខ្មៅ អង្គុយនៅកន្លែងសួរចម្លើយ។ ដោយក្នុងនោះ ចៅក្រមបានបដិសេធមិនកាត់បន្ថយប្រាក់ធានា ដែលលោក Jeremy ត្រូវបង់ ចំនួន ៦.៦ លានដុល្លារនោះទេ។ លោកនឹងត្រូវឡើងតុលាការជាថ្មី នៅថ្ងៃទី៣១ ខែសីហា ខាងមុខ។
គួរជម្រាបថា លោក Jeremy រងការចោទប្រកាន់ថា បានរំលោភសេពសន្ថវៈលើនារីវ័យ ២៥ឆ្នាំ ក្នុងផ្ទះមួយកន្លែង នៅតំបន់ហូលីវូដភាគខាងលិច ក្នុងឆ្នាំ២០១៤។ លោក ក៏រងការចោទប្រកាន់ពីករណី រំលោភសេពសន្ថវៈនេះដូចគ្នា លើស្ត្រីពីរនាក់ផ្សេងទៀត ខណៈនារីម្នាក់មានវ័យ ៣៣ឆ្នាំ និងម្នាក់ទៀតវ័យ ៤៦ឆ្នាំ ដែលប្រព្រឹត្តនៅពេលវេលាផ្សេងគ្នា ក្នុងក្លឹបកំសាន្តមួយកន្លែង នៅតំបន់ហូលីវូដភាគខាងលិច ក្នុងឆ្នាំ២០១៧។ ចំពោះករណីទី៤ ត្រូវបានព្រះរាជអាជ្ញាលើកឡើងថា លោក Jeremy បានរំលោភសេពសន្ថវៈលើស្ត្រីវ័យ ៣០ឆ្នាំ ក្នុងក្លឹបកំសាន្តតែមួយ ក្នុងខែកក្កដា ឆ្នាំ២០១៩៕