(ភ្នំពេញ)៖ ខណៈដែលនៅតែរយៈពេល១ខែទៀតប៉ុណ្ណោះ តារាចម្រៀងបែបយុវវ័យ កញ្ញា យូរី នឹងផុតកិច្ចសន្យាច្រៀងជាមួយនឹងផលិតកម្ម «សាន់ដេ» ដែលជាទ្រនំមួយរូបនាងបានជ្រកសាងកេរ្តិ៍ឈ្មោះ អស់រយៈពេលជិត១០ឆ្នាំ។ នៅក្នុងដំណាក់កាលនេះ តារាចម្រៀងស្រីស្រស់ យូរី កំពុងតែធ្វើការពិចារណាឲ្យបានហ្មត់ចត់ថា ត្រូវនៅជ្រកក្នុងទ្រនំមួយនេះបន្ត ឬត្រូវសម្រេចចិត្តដើរចេញ ទៅរកទ្រនំថ្មី។

ម្ចាស់បទ «ចាក់ទឹកដូង» តារាចម្រៀង យូរី បានប្រាប់ Fresh News Plus តាមរយៈសារអេឡិចត្រូនិកថា ការងារសិល្បៈរបស់នាង នៅក្នុងផលិតកម្ម សាន់ដេ​ គឺនៅមានរយៈពេលតែជាង១ខែទៀតប៉ុណ្ណោះ ត្រូវផុតកុងត្រា ជាមួយគ្នាហើយ។ អ្វីដែលត្រូវគិតនៅពេលនេះ គឺនាងកំពុងពិចារណា​ថា ត្រូវបន្តកិច្ចសន្យាថ្មី ឬត្រូវដើចេញពីផលិតកម្មនេះ​ ព្រោះជាការសម្រេច​ចិត្ត​ចុងក្រោយ។

យ៉ាងណាមិញ នៅរយៈកាលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្រាប់តារាចម្រៀង យូរី គេបានសង្កេតឃើញនាងបញ្ចេញបទ បែបសិចស៊ីមួយ មានចំណងជើងថា «​Bae» ដែលជា​ប្រភេទ​បទ​សម្រាប់​មនុស្ស​អាយុ​ចាប់​ពី​១៨​ឆ្នាំឡើង (18+) ​ធ្វើ​ឲ្យ​កក្រើក​លើ​បណ្ដាញ​សង្គម​ ខណៈដែលស្របពេលមាន​តម្រុយ​ថា តារា​ចម្រៀង យូរី ជិត​ដាច់​កុងត្រា​ជាមួយ​សាន់ដេ ដែល​ជា​ទ្រនំ​បច្ចុប្បន្ន​របស់​នាង​ទៅហើយ។

​មានការសន្និដ្ឋានផ្សេងៗគ្នាមួយចំនួន ចាប់​តាំង​ពី យូរី បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន ជា​ប្រភេទ​សម្រាប់​ប្រិយមិត្ត​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ កាល​ពី​៤​ថ្ងៃ​មុន។ ការ​សង្ស័យ​នោះ ក៏​ព្រោះ​ថា បទ​ថ្មី​ដែល​បង្កប់​ភាព​សិចស៊ី​ដែល​ជា​បទពិសោធន៍​ដំបូង​ របស់​តារា​ស្រីរូបនេះ គឺ​មិន​បាន​ចេញ​នៅ​ក្នុងផលិតកម្ម​ «សាន់ដេ​» ដែលជាផលិតកម្ម​​នាង​បាន​ជ្រក​កោន​ជា​ច្រើន​ឆ្នាំ​នោះ​ទេ។ ប៉ុន្តែ​គឺ​បាន​ចេញ​ នៅ​ក្នុង​ផលិតកម្ម​ថ្មី​មួយ​ផ្សេងទៀត។

ចំណុច​នេះ នាំ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​ថា ​តើ​ហេតុអ្វី​បាន​តារា​ស្រី​ យូរី ហ៊ាន​ធ្វើ​បែប​នេះ ខណៈ​ដែលនាង​កំពុងនៅ​ជ្រក​ក្រោម​ផលិតកម្ម​សាន់ដេ នៅ​ឡើយ។ ជុំវិញ​បញ្ហា​នេះ ក៏​មាន​ដំណឹង​ថា តាម​ពិត យូរី និង​សាន់ដេ ​កាន់​តែ​កៀក​ដល់​ថ្ងៃ​ចប់កិច្ចសន្យា​នឹង​គ្នា​ទៅ​ហើយ ក្រោយ​ពី​បាន​រួម​រស់​ជាមួយ​គ្នា​ អស់​រយៈ​ពេល​​​ជិត​១០​ឆ្នាំ។

​សូមបញ្ជាក់ថា តារាចម្រៀង យូរី បាន​ចូល​ច្រៀងនៅក្នុងផលិតកម្មសាន់ដេ តាំង​ពី​ឆ្នាំ ២០១៣ ​​ដោយគិត​មក​ទល់​បច្ចុប្បន្ន​មាន​រយៈ​ពេល ៧ឆ្នាំ​​ ដែល​នាង​បាន​ជ្រក​ក្រោម​ផលិតកម្ម​ដ៏ចំណាស់​មួយ​នេះ។ ក្នុង​រយៈ​ពេល​ជិត១០ឆ្នាំ យូរី ក៏​ត្រូវ​បាន​ផលិតកម្ម​លើក​ស្ទួយ ជួយ​ឲ្យ​មាន​បទ​ល្បី​ៗ​ជា​ច្រើន​​។ បទ​របស់ យូរី ដែល​ល្បី​ដំបូង​នៅ​ផលិតកម្ម​នេះ គឺ​​បទ «Honey សំណព្វ​ចិត្ត» និងបទ «សង្សារ​មួយ​ថ្ងៃ​សង្សារ​មួយ​ជីវិត» និង​ក្រោយ​មក​ទៀត នាង​ចាប់​ផ្ដើម​ល្បី​ខ្លាំង​ ជាមួយ​ប្រភេទ​បទញាក់​កន្ត្រាក់អារម្មណ៍ មាន​ដូចជាបទ «ចាក់​ទឹកដូង» និង​បទ «នំប៉័ង​ប៉ាតេ» ជា​ដើម៕