(ភ្នំពេញ)៖ ប្រឡូងក្នុងវិស័យសិល្បៈតាំងពីអាយុ១៣ឆ្នាំ លោក នួន បូរ៉ា ហាក់នៅតែមានទឹកចិត្តចង់វិវត្តន៍ខ្លួន ទោះបីជាមិនសូវមានកេរ្តិ៍ឈ្មោះដូចតារាមួយចំនួន ដែលមានមហាជនស្គាល់ច្រើន តាមរយៈចូលរួមប្រឡងក្នុងកម្មវិធីប្រឡងធំៗក្តី។ រហូតមកទល់នឹងបច្ចុប្បន្ននេះ នួន បូរ៉ា បង្ហើបថា កំពុងត្រៀមខ្លួនចូលធ្វើជាតារាចម្រៀងពេញសិទ្ធ ក្នុងផលិតកម្មធំមួយ ខណៈកំពុងចរចាធ្វើកុងត្រាជាមួយគ្នា។
ការលើកឡើងបែបនេះ ពីសំណាក់ លោក នួន បូរ៉ា គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News នាពេលថ្មីៗនេះ។ លោក នួន បូរ៉ា បានលើកឡើងថា ចាប់តាំងពីធ្វើជាតារាចម្រៀង មានចម្រៀងចំនួន០២បទ ដែលជារបស់លោកផ្ទាល់ ខណៈចម្រៀងមួយចំនួនទៀត គឺជាការច្រៀង Cover ពីតារារៀមច្បង។ អ្វីដែលពិសេស ដោយសារទឹកចិត្តស្រឡាញ់វិស័យចម្រៀង លោក នួន បូរ៉ា មិនត្រឹមតែច្រៀងបទខ្មែរពីរោះនោះទេ ថែមទាំងបានហាត់ច្រៀងចម្រៀងជាភាសាថៃ និងអង់គ្លេសផងដែរ។ កត្តានេះ បានធ្វើឲ្យលោកមានសមត្ថភាពពិសេស លើសពីតារាចម្រៀងមួយចំនួន។
ឆ្លើយតបនឹងការសាកសួររបស់ពិធីករ-ពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» លោក នួន បូរ៉ា បានបង្ហើបថា ក្រោយធ្វើតារាឯករាជជាច្រើនឆ្នាំ លក់សំនៀងតាម Pub បច្ចុប្បន្នកំពុងចរចាធ្វើកុងត្រាជាមួយផលិតកម្មធំមួយ ដើម្បីចូលធ្វើជាតារាចម្រៀងពេញសិទ្ធ។ ទោះយ៉ាងណា លោកមិនបានប្រាប់នោះឡើយ ថាគ្រោងចូលផលិតកម្មឈ្មោះអ្វីនោះ គឺចាំឲ្យទស្សនិកជនតាមដានបន្ត។
ងាកមកអាថ៌កំបាំងផ្ទាល់ខ្លួន ពីរឿងរ៉ាវស្នេហាវិញ តារារូបនេះហាក់មានភាពខ្មាស់អៀនក្នុងការនិយាយ ដោយអះអាងថា មិនទាន់មានមនុស្សក្នុងបេះដូង។ តែលោកថា ក៏មិនបើកបេះដូង សម្រាប់សេចក្តីស្នេហា ជាមួយបុរសប្រុសដូចគ្នា និងភេទទី៣ដែរ។ ការលើកឡើងបែបនេះ បន្ទាប់ពីលោកបានប្រទះនឹងបទពិសោធន៍មានមនុស្សប្រុសភេទដូចគ្នា និងភេទទី៣ សារភាពស្នេហ៍។
គួរជម្រាបថា លោក នួន បូរ៉ា ជាតារាចម្រៀងមួយរូប ដែលមានសំនៀងទឹកដមពិរោះរណ្តំចិត្ត មិនថាបកស្រាយចម្រៀងបុរាណ និងសម័យឡើយ។ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» លោកសឹងតែធ្វើឲ្យទស្សនិកជនជក់ចិត្ត មិនអាចប្តូរប៉ុស្តិ៍ទៅហើយ ដោយសារការបកស្រាយចម្រៀង យ៉ាងពីរោះ ធ្វើឲ្យគ្រប់គ្នាចង់ស្តាប់បន្ត។
សូមទស្សនាវីដេអូ បទសម្ភាសន៍របស់លោក នួន បូរ៉ា ដូចខាងក្រោម៖