(ភ្នំពេញ)៖ តារាចម្រៀងស្រី កំពុងទទួលមានការគាំទ្រខ្លាំងប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា រួមទាំងក្រុមការងារ ថ្មីៗនេះបានជួបហេតុការណ៍ដ៏រន្ធត់មួយ គឺបាតុភូតរន្ទះ គួរឲ្យខ្លាច អំឡុងពេលទៅថត MV ចម្រៀងនៅទីវាល ក្បែរបឹងទន្លេ។ ភ្លាមៗតារាស្រីរូបនេះ និងក្រុមការងារមិនបង្អង់យូរឡើយ ក៏បានបញ្ឈប់ការថតភ្លាមៗ ដើម្បីសុវត្ថិភាព។
តាមរយៈវីដេអូបំភ្លឺពីហេតុការណ៍ ដែលជួបប្រទះ កញ្ញា តន់ ច័ន្ទសីម៉ា បាននិយាយថា កាលណោះនាងនិងក្រុមការងារកំពុងថត MV ចម្រៀង បទ «ក្តីសុខមិនមែនធ្លាក់ពីលើមេឃ» តែយ៉ាងណា អំឡុងពីធ្វើសកម្មភាពថត ស្រាប់តែជួបនឹងផ្គរ រន្ទះយ៉ាងខ្លាំង។ នាងថា នៅពេលដែលជួបហេតុការណ៍នេះ ធ្វើឲ្យនាង និងក្រុមការងារបញ្ឈប់ថតភ្លាមៗ តែមិនមែនបានន័យថា ឧបសគ្គនេះ អាចផ្អាកការងាររបស់នាងឡើយ បានន័យថា នាងទៅបន្តថតនៅក្នុង Studio វិញម្តង។
ភ្ជាប់ជាមួយគ្នានេះ ម្ចាស់បទ «កាកសង្សារ» រូបនេះ បានថ្លែងអំណរគុណទៅដល់អ្នកគាំទ្រ ដែលបារម្ភពីសុវត្ថិភាពនាង និងក្រុមការងារ។ សីម៉ា ថា នាង និងក្រុមការងារ មិនមានបញ្ហាអ្វីទេ ពោលគឺមានសុវត្ថិភាពទាំងអស់គ្នា ព្រោះគ្រាន់តែជួបបាតុភូតរន្ទះភ្លាម និងបញ្ឈប់សកម្មភាពថតភ្លែតតែម្តង។
ដូចទស្សនិកជនបានជ្រាបហើយថា បច្ចុប្បន្ននេះជារដូវភ្លៀង និងមានផ្គររន្ទះ ហើយការធ្វើសកម្មភាពនានា នៅទីវាល ភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិក ដែលស្រូបទាយរន្ទះនោះ គឺមានគ្រោះថ្នាក់យ៉ាងខ្លាំង។ ទោះបែបណា ចំពោះកិច្ចការងាររបស់ កញ្ញា តន់ ច័ន្ទសីម៉ា ក្នុងការថត MV «ក្តីសុខមិនមែនធ្លាក់ពីលើមេឃ» ហាក់ដំណើរការរលូនទៅមុខ ទោះបីជាមានឧបសគ្គធម្មជាតិបន្តិចក្តី៕