(ភ្នំពេញ)៖ ភាពយន្តភាគរឿង «អ្នកទីបី» ជារឿងភាគខ្មែរបង្កប់នូវការអប់រំជីវិត ផ្តោតសំដៅអំពើផិតក្បត់នៃបុរសក្នុងសង្គមស៊ីវិល័យ ក៏ដូចជាភាពងាយរងគ្រោះរបស់ស្ត្រីវ័យក្មេងៗ ដែលទើបនឹងចូលប្រឡូកក្នុងពិភពសិល្បៈសម័យ នឹងក្លាយជាសារទូន្មានយ៉ាងបន្ទាន់ និងមានតម្លៃសម្រាប់អ្នកទស្សនាពិសេសយុវវ័យ។
«អ្នកទីបី» បានបង្ហាញអំពីល្បិចល្បងល្បួងស្នេហ៍ បោកបញ្ឆោតបំផ្លាញអនាគតនារីវ័យក្មេង និងការប្រើអន្ទាក់លាភសក្ការៈលុយកាក់ គំនិតភ្លើតភ្លើនសម្ភារៈនិយមចង់ឈ្នះចាញ់ ដែលសុទ្ធសឹងជាពុទ្ធិ ដ៏មានតម្លៃសម្រាប់ព្រមានឲ្យ មានការគ្រប់គ្រងខ្លួនឯងឡើងវិញ ក្នុងចំណោមបុរស និងនារី ខណៈបញ្ហាស្នេហាត្រីកោណ និងការបណ្តាក់ទុនរឿងបេះដូង ប្តូរយកឱកាស ឋានៈលុយកាក់ នៅតែពុះកញ្ជ្រោល ក្នុងសង្គមខ្មែរបច្ចុប្បន្ន។
កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីផ្សាយ នៅទូរទស្សន៍ភីអិនអិន បានថ្លែងពន្យល់ថា ស្ទើរតែ៨០ភាគរយនៃទិដ្ឋភាពក្នុងរឿង «អ្នកទីបី» ប្រមូលចេញមកពីការសិក្សា លើសង្គមពិតៗ ពិសេសក្នុងវិស័យសិល្បៈ ដែលយុវនារីវ័យក្មេងស្រស់ស្អាតជាច្រើន បានក្លាយជាចំណុចស៊ីបនៃការល្បួងលួងលោម ដោយក្លាយជាជនរងគ្រោះនៅពេលក្រោយមក។ «អ្នកទីបី» នឹងដាស់អារម្មណ៍យុវនារី ដែលមានរូបឆោម និងទេពកោសល្យសិល្បៈឲ្យគិតសារជាថ្មី អំពីការត្រៀមលក្ខណៈគ្រប់គ្រងលើផ្នត់គំនិតចង់ឈ្នះចាញ់ រហូតភ្លើតភ្លើនបាត់បង់តម្លៃវិជ្ជាជីវៈ ក្លាយជាអ្នករងគ្រោះ ព្រោះក្រញាំព្រានដែលមានលុយ និងមានអំណាចក្នុងដៃ។
តារាស្រីស្រស់ស្អាតបីរូប ដែលបានរួមគ្នាសម្តែងយ៉ាងល្អ ពិសេសក្នុងផ្ទៃរឿងសរុប៤០ភាគ គឺកញ្ញា ស៊ីម ស្រីមុំ, កញ្ញា ស៊ីធឿន និងកញ្ញា សាយ ចាន់រាសី ដែលសុទ្ធសឹងតែមានរូបឆោមស្រស់ផូរផង់ ព្រមទាំងបញ្ចេញអស់សមត្ថភាព ក្នុងការសម្តែងបែបអប់រំជីវិត ដ៏ស៊ីជម្រៅមួយនេះ។ ជាមួយនោះលោក លឹម ជាឡាយ ដែលសម្តែងជាតួអង្គឧត្តមស្វាមី ហើយចុងក្រោយនៅតែត្រូវបែកបាក់ភរិយាល្អគាប់ចិត្ត ព្រោះចាញ់ការទាក់ទាញ នៃសង្គមឆើតឆាយ និងអន្ទាក់ស្នេហ៍ពីនារីដែលខូចចិត្តរឿងអតីតកាល បានអះអាងថា នេះជាប្រភេទរឿងអប់រំជីវិតគ្រួសារ ដ៏ល្អមួយក្នុងចំណោមរឿងដែលលោកធ្លាប់សម្តែង។
«ខ្ញុំមានភរិយាល្អ តែបែរជាមកផុងខ្លួន ជាមួយនារីតារាសម្តែងម្នាក់ដែលនាងធ្លាប់មានប្រវត្តិត្រូវព្រាននៅទីក្រុងបោកប្រាស់! នាងខូចចិត្តក៏បែរជាមកកកូរបំផ្លាញគ្រួសារដ៏ល្អរបស់ខ្ញុំបន្តដោយប្រើល្បិចគ្រប់បែបយ៉ាង! នេះហើយជាវិនាសកម្មជីវិតដែលបង្ករឡើងដោយមានអ្នកទីបី ទាំងដែលយើងធ្លាប់គិតថា គ្រួសារយើងមានចំណងរឹងមាំតែពេលខ្លះ យើងនៅតែមិនអាចគ្រប់គ្រងខ្លួនឯងបាន រហូតដល់ថ្លោះធ្លោយ! ខ្ញុំយល់ថា គ្រប់គ្នាគួរបានទស្សនារឿងអ្នកទីបីនេះ ដែលពិតជាបង្កប់នូវពុទ្ធិជាច្រើន»។
តារាប្រុសមួយរូបទៀត ដែលដើរតួជាចាងហ្វាងផលិតកម្មចិត្តព្រាន គឺលោក ភុល សុវណ្ណដានី បានរំលឹកដែរថា ការសម្តែងក្នុងរឿងភាគថ្មីនេះ លោកមានចរិតលាក់ពុត ដែលនិយមទុកមនុស្សស្រីក្នុងវិស័យនេះថា ជាចំណីសម្រាប់កម្សាន្តហើយប្រើប្រាស់ស្នេហា បែបល្បួងបញ្ឆោតមិនទទួលខុសត្រូវ ក្នុងរូបភាពមាត់ផ្សឹងចិត្តផ្សេង។ លោក ទទួលស្គាល់ថា អត្តចរិតនានាដែលអ្នកនិពន្ធ បានបង្កើតឡើង ក្នុងផ្ទៃរឿងទាំងមូលពិតជាស៊ីគ្នានឹង ជីវិតពិតដែលមនុស្សភាគច្រើន ធ្លាប់បានដឹងឮរួចមកហើយ តារារូបនេះចាត់ថា នេះជាភាពយន្តក្រើនរំឭកដ៏ល្អមួយ លើផ្នែកសិលធម៌សង្គមរស់នៅ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលគ្រប់គ្នាគួរតែបានទស្សនា។
អ្នកនិពន្ធ ម៉ីសន សុធារី ដែលជាទីប្រឹក្សាផ្នែកឃោសនាឲ្យភាពយន្តនេះ បានប្រាប់ឲ្យដឹងដែរថា ភាគច្រើន ចលនារឿងក្នុងភាគនិមួយៗ បង្ហាញចេញពីទិដ្ឋភាព ស្រដៀងរឿងរ៉ាវជាច្រើន ដែលយើងធ្លាប់ឮនិងធ្លាប់ដឹងក្នុងជីវិតពិត ធ្លាប់កើតមានក្នុងសង្គមសិល្បៈមិនថា នៅកម្ពុជាឬប្រទេសដទៃ ដែលចុងក្រោយអ្នករងគ្រោះនៃបញ្ហា «អ្នកទីបី» គឺគ្រប់ភាគី។ ភាពយន្តភាគ រឿងអ្នកទីបី ដឹកនាំផលិតដោយលោក លៀក លីណា នៃផលិតកម្ម LD និងមានអ្នកនិពន្ធ ឆាយ សុមាលី អ្នកដឹកនាំរឿងពីររូប គឺលោក មង្គល និង លោក ស៊ីណាន ដែលភីអិនអិន នឹងចាប់ផ្តើមចាក់ផ្សាយភាគដំបូង ថ្ងៃសុក្រទី០៣ ខែកក្កដា ឆ្នាំ២០២០នេះតទៅ ពីថ្ងៃចន្ទ ដល់សុក្រ នៅវេលាម៉ោង៨ដល់ម៉ោង៩យប់៕