(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៤ នឹងដំណើរការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃទី២០ ខែមិថុនានេះហើយ ក្រោយស្ថានភាពជំងឺកូវីដ-១៩ (Covid-19) នៅកម្ពុជាមានការថមថយ និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល កាលពីពេលថ្មីៗ។

ចំពោះកម្មវិធីប្រកួតនៅថ្ងៃអង្គារនេះ គឺមាន ២គូ រួមមានខេត្តសៀមរាប ត្រូវជួបក្រុមភ្ញៀវខេត្តកណ្ដាល និងខេត្តព្រៃវែង បើកទ្វារផ្ទះទទួលខេត្តកោះកុង។ រីឯ ២ប្រកួតទៀតនៅថ្ងៃទី០១ ខែកក្កដាស្អែក ដោយក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ ត្រូវជួបក្រុមការពារជើងឯកខេត្តត្បូងឃ្មុំ និងខេត្តកែប ជួបក្រុមភ្ញៀវខេត្តកំពង់ឆ្នាំង ដោយគ្រប់ការប្រកួត នឹងចាប់ផ្ដើមនាវេលាម៉ោង ៣រសៀលដូចគ្នា ។

សម្រាប់វគ្គ ៨ក្រុមចុងក្រោយនៃពានសម្ដេចតេជោថ្នាក់ខេត្តនេះ ក្រុមនីមួយៗនឹងធ្វើការប្រកួត ២ជើង ដើម្បីកាត់សេចក្ដីរកបេក្ខភាពក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ដូចជាដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតពានថ្នាក់ជាតិ ជាមួយក្លិបសមាជិកលីគកំពូលកម្ពុជាចំនួន ១២ក្លិប ផងដែរ។

ចំពោះជើងទី២ គ្រោងនឹងធ្វើឡើងនាថ្ងៃទី០៧-០៨ ខែកក្កដា តែការប្រកួតទាំង ២ជើង គឺមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនាផ្ទាល់ឡើយ ដើម្បីការពារជំងឺកូវីដ-១៩៕