(ក្រុងតូរីន)៖ កីឡាករចាំទីចាស់វស្សា Gianluigi Buffon បានព្រមព្រៀងស៊ីញ៉េកិច្ចសន្យាថ្មីរយៈពេល១ឆ្នាំទៀតជាមួយ ក្លិបសេះបង្កង់ Juventus បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅបំណាច់រដូវកាលនេះ។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយឲ្យដឹងនៅថ្ងៃនេះថា Buffon នឹងឈានចូលវ័យ ៤៣ឆ្នាំ នៅពេលកិច្ចសន្យាថ្មី របស់គេផុតកំណត់ជាមួយក្លិបដែលស្ថិតនៅទីក្រុង Turin ប្រទេសអ៉ីតាលីមួយនេះ បន្ទាប់ពីត្រឡប់មកចូលរួមជាមួយ Juventus វិញកាលពីឆ្នាំ២០១៩ ក្រោយចំណាយពេលតែ ១រដូវកាលលេងឲ្យក្លិបបារាំង Paris Saint-Germain។

Buffon បានបង្ហាញខ្លួនក្នុងលីគកំពូលអ៉ីតាលី Serie A ជាង ៥០០ប្រកួតចាប់តាំងពីបានចូលរួមជាមួយក្លិបនេះក្នុងឆ្នាំ ២០០១ ក្រោយផ្តើមជាកីឡាករបាល់ទាត់អាជីពជាមួយក្លិប Parma កាលឆ្នាំ១៩៩៥។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លិប Juventus បានសរសេរថា «Super Gigi គឺជាភស្តុតាងដែលបញ្ជាក់ថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ»

គួរបញ្ជាក់ផងថា ការចំណាយពេលលេងឲ្យ Juventus ជិត ២០ឆ្នាំមកនេះ Buffon ពុំទាន់ឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ម្តងណាឡើយ បន្ទាប់ពីជួយឲ្យក្លិបយក្សនេះឈ្នះជើងឯកពានលីគ Serie A បាន ៩សម័យកាលជាប់ៗគ្នាប៉ុណ្ណោះ តែធ្លាប់ឈ្នះពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិអាសូរីអ៉ីតាលី ១ដងកាលឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់ ក្រោយឈ្នះបារាំងដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ៕