(ភ្នំពេញ)៖ ក្រុមហ៊ុនឯកជនចំនួន៣ បានរួមគ្នារៀបចំយុទ្ធនាការបរិច្ចាគឈាម ដែលមានទ្រង់ទ្រាយធំជាងគេក្នុងរយៈ៥ខែចុងក្រោយ ដើម្បីប្រមូលឈាម ជួយជនរងសង្គ្រោះដែលកំពុងត្រូវការ ឈាមជាចាំបាច់ ខណៈដែលចំនួនអ្នកបរិច្ចាគឈាម មានការធ្លាក់ចុះ និងតម្រូវការឈាមកើនឡើង។

ក្រុមហ៊ុនចែកចាយ One Fraternity Co., Ltd. ក្រុមហ៊ុន N.V.C Corporation Co., Ltd. និងក្រុមហ៊ុន One More Manufacturing Co., Ltd. បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល រៀបចំការបរិច្ចាគឈាម កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលចូលរួមពីថ្នាក់ដឹកនាំបុគ្គលិក និងកម្មករក្រុមហ៊ុនប្រមាណ ១៥០នាក់។

លោកស្រី ជឹង សុគន្ធាវី នាយកប្រតិបត្តិ នៃក្រុមហ៊ុនទាំងបី បានថ្លែងថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឲ្យមានការចូលរួមបរិច្ចាគឈាម ជួយជនរងសង្គ្រោះ ដែលកំពុងត្រូវការឈាម ជាចាំបាច់ នៅតាមមន្ទីរពេទ្យនានា។ លោកស្រីបានបន្ថែមថា «អំណោយឈាម ជាអំពើដ៏វិជ្ជាមានប្រសើរបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ សកម្មភាពនេះ ស្តែងឲ្យឃើញពីការធ្វើទាន ឬកុសលដ៏ធំធេង»។

លោកស្រីនាយកប្រតិបត្តិ ក៏បានអំពាវនាវឲ្យបងប្អូនបុគ្គលិក កម្មករ និងប្រជាពលរដ្ឋទូទៅយល់ដឹងឲ្យច្បាស់ អំពីការផ្តល់បរិច្ចាគឈាម និងរួមគ្នាធ្វើការបរិច្ចាគ ដោយការស្ម័គ្រចិត្ត និងក្តីរីករាយ ដើម្បីជួយសង្គ្រោះជនរងគ្រោះ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា «នៅថ្ងៃនេះយើងបានប្រមូលឈាម ចំនួន១១២ប្លោកដែលនេះ ជាការបរិច្ចាគឈាមច្រើនជាងគេ ក្នុងរយៈពេល៥ខែ ចុងក្រោយក្នុងអំឡុងពេលកូវីដ១៩។ ក្នុងនោះមានអ្នកបរិច្ចាគឈាមសរុប១២៨នាក់»។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតថ្ងៃនេះ ជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានកក់ត្រាទុក នូវព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ និងសម្តែងអំណរគុណជាអនេកកប្បការ ចំពោះការគាំទ្រទាំងឡាយ ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមអំពាវនាវឲ្យមានការគាំទ្របន្តទៀត។

គូរបញ្ជាក់ថា ក្រុមហ៊ុនទាំងបី ដែលមានក្រុមហ៊ុន N.V.C Corporation Co., Ltd. ក្រុមហ៊ុន One More Manufacturing Co., Ltd. និងក្រុមហ៊ុនចែកចាយ One Fraternity Co., Ltd. បានតែងតែចូលរួមក្នុងសកម្មភាពសង្គម និងសប្បុរសជាច្រើន ក្នុងនោះ មានដូចជាការផ្តល់អំណោយសប្បុរសធម៌ ការឧបត្ថម្ភកម្មវិធី និងការៀបចំកម្មវិធីផ្សេងៗទៀតជាច្រើន៕