(ប៊ែកឡាំង)៖ នាយកប្រតិបត្តិរបស់ក្លិប Borussia Dortmund បានច្រានចោលការផ្ទេរប្រាក់ដ៏ធំណាមួយនៅរដូវក្តៅនេះដើម្បីប្រកួតប្រជែងជាមួយក្រុម Bayern Munich នៅរដូវកាលក្រោយដោយសារបញ្ហាហិរញ្ញវត្ថុក្នុងក្លិបកំពុងមានបញ្ហាដែលបណ្តាលមកពី Covid-19។

តាមរយ:ព័ត៌មានពី Channel News Asia បានចេញផ្សាយថា Dortmund បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងក្របខណ្ឌ Bundesliga នៅរដូវកាលនេះ ដោយមាន ១៣ពិន្ទុតាមពីក្រោយក្រុម Bayern Munich ដែលបានឈ្នះជេីងឯកលីគសម្រាប់រយៈពេល ៨ឆ្នាំជាប់គ្នា។

Dortmund គឺជាក្លិបមួយក្នុងចំណោមក្លិបដែលមានជាងគេបំផុតនៅអឺរ៉ុប និងមានដើមទុនចំនួន ៣៥៥លានអឺរ៉ូ (៣៩៨លានដុល្លារ)ទៀតផង។

ទោះយ៉ាងណាដោយសារតែជំងឺ Covid-19 ធ្វេីឲ្យពួកគេអាចខាតបង់ប្រាក់ចំណូល ប្រមាណ ៤៨លានដុល្លារក្នុងរដូវកាលឆ្នាំ២០១៩-២០២០ នេះ។

នាយកប្រតិបត្តិក្លិប លោក Hans-Joachim Watzkeបាននិយាយកាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនាថា អ្វីដែលយើងកំពុងបាត់បង់ប្រាក់ចំណូលនៅគ្រប់ភាគីគឺពិតជាគួរឲ្យកត់សម្គាល់ណាស់។

ក្រុម Dortmund បានបាត់បង់ប្រាក់ចំណូលរាប់លានដុល្លារពីការប្រកួតក្នុងផ្ទះចំនួន៥លេីក ដែលពួកគេត្រូវបង្ខំចិត្តលេងបិទទ្វារកីឡដ្ឋាន។

គួរបញ្ជាក់ផងថា កាលពីពេលថ្មីៗនេះ Dortmund បានចុះកុងត្រាជាមួយខ្សែការពារបែលហ្ស៊ិក Thomas Meunier ពីក្លិប Paris Saint-Germain ក្នុងការផ្ទេរដោយឥតគិតថ្លៃ ហើយខ្សែបម្រើសញ្ជាតិអង់គ្លេសអាយុក្រោម ១៧ឆ្នាំ Jude Bellingham ត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយក្រុម Birmingham វិញ៕