(ភ្នំពេញ)៖ ខេត្តព្រៃវែង និងខេត្តសៀមរាប បានទទួលជម្នះក្នុងដីរៀងៗខ្លួន សម្រាប់ការប្រកួតជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត វគ្គ ៨ក្រុមចុងក្រោយ ស្របពេល ២គូទៀត នឹងបន្ដប្រកួតជើងទី១ ថ្ងៃនេះ រួមមានខេត្តកែប បើកទ្វារផ្ទះទទួលខេត្តកំពង់ឆ្នាំង និងក្រុមការពារតំណែងជើងឯកខេត្តត្បូងឃ្មុំ ជួបក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ។

ក្រុមជម្រើសខេត្តព្រៃវែង ធ្វើបានយ៉ាងល្អក្នុងជើងទី១ ដោយបានយកឈ្នះក្រុមជម្រើសខេត្តកោះកុង ដោយលទ្ធផល ៥-១ ។ ចំណែកខេត្តសៀមរាប បានយកឈ្នះក្រុមភ្ញៀវខេត្តកណ្ដាល ដោយលទ្ធផល ៣-១ ក្នុងជំនួបបិទទ្វារគ្មានអ្នកទស្សនាផ្ទាល់ដូចគ្នា កាលពីម្សិលមិញ។ ជ័យជម្នះនេះបានធ្វើឲ្យព្រៃវែង និងសៀមរាប មានសង្ឃឹមច្រើនក្នុងការឡើងវគ្គបន្ដ តែក៏ត្រូវចាំអ៊ុតលទ្ធផលជើងទី២ នាថ្ងៃទី៧ ខែកក្កដាសិនដែរ។

ដោយឡែក ២ប្រកួតថ្ងៃនេះ ក៏ជាការប្រកួតជើងទី១ ដូចគ្នា គ្រាដែលក្រុមនីមួយៗ សុទ្ធតែប្ដេជ្ញាដណ្ដើមលទ្ធផលល្អរៀងៗខ្លួន ជាក់ស្ដែងក្រុមការពារជើងឯកខេត្តត្បូងឃ្មុំ រំពឹងនឹងទទួលបានលទ្ធផលជាវិជ្ជមាន សម្រាប់ធ្វើដើមទុនឆ្ពោះទៅការប្រកួតជើងទី២ ក្នុងដីរបស់ខ្លួន។ តែខេត្តកំពង់ស្ពឺ បានដាក់គោលដៅដាច់ខាតត្រូវការជ័យជម្នះក្នុងដី ដើម្បីងាយស្រួលពេលប្រកួតជើងទី២ នៅលើទឹកដីខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែកក្កដាខាងមុខ។

គួរបញ្ជាក់ថា វគ្គ៨ក្រុមចុងក្រោយនៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្តនេះ នឹងធ្វើឡើង ២ជើង ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លើសពីនេះ ខេត្តទទួលបានជ័យជម្នះទាំង ២ជើង ក៏នឹងទទួលបានកៅអីចូលរួមប្រកួតពានថ្នាក់ជាតិ ជាមួយក្លិបសមាជិកលីគកំពូលកម្ពុជាចំនួន ១២ផងដែរ លើកលែងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលមិនចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រីឡើយ៕