(អាល្លឺម៉ង់)៖ ក្រុមហ៊ុនផលិតរថយន្ត Volkswagen និងក្រុមហ៊ុនផលិតសម្ភារៈកីឡា Puma និង Adidas នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា បានប្រកាសចូលរួមក្នុងយុទ្ធនាការធ្វើពហិកាផ្សាយពាណិជ្ជកម្មលើ Facebook ខណៈមកទល់ឥឡូវក្រុមហ៊ុនខ្ទង់២០០ហើយ បានចូលរួមក្នុងយុទ្ធនាការនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។
ក្រុមហ៊ុនយក្ស Volkswagen ដែលជាម្ចាស់ប្រេនរថយន្តមួយចំនួនទៀតដូចជា Audi, Porsche, និង Skoda បានប្រាប់ថា ខ្លួននឹងផ្អាកការផ្សាយពាណិជ្ជកម្មនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីជាការប្រឆាំងនឹងសារញុះញង់អំពើហិង្សា ស្អប់ខ្ពើម រើសអើង និងផ្ទុកព័ត៌មានមិនពិត។ បើតាមក្រុមហ៊ុន Volkswagen ការអនុញ្ញាតឲ្យសារទាំងនេះ ត្រូវបង្ហោះនិងចែកចាយព្រោងព្រាតនៅលើ Facebook ដែលជាបណ្តាញសង្គមយក្សធំបំផុតលើលោក គឺត្រូវតែទទួលរងផលវិបាក។ ចំណែក ក្រុមហ៊ុន Puma និង Adidas ក៏បានប្រកាសដូចគ្នាដែរ។
គួរជម្រាបថា យុទ្ធនាការខាងលើបានចាប់ផ្តើមឡើង ក្រោយការស្លាប់របស់លោក George Floyd កាលពីថ្ងៃទី២៥ ខែឧសភា ហើយទទួលបានការគាំទ្រជាខ្លាំង។ មកទល់ឥឡូវក្រុមហ៊ុនប្រហែល២០០ហើយ បានចូលរួមក្នុងយុទ្ធនាការនេះ រួមមានទាំងក្រុមហ៊ុនធំៗដូចជា Unilever, Starbucks, Coca-Cola និង Levi Strauss ជាដើម ខណៈ Facebook បានបាត់បង់តម្លៃទីផ្សាររាប់ពាន់លានដុល្លាររួចស្រេចទៅហើយ ដោយសារតែយុទ្ធនាការហៅថា «Stop Hate for Profit»។ ជាការឆ្លើយតប Facebook ក៏បានប្រកាសពីចំណាត់ការមួយចំនួនថ្មី ដើម្បីទប់ស្កាត់សារស្អប់ខ្ពើម-រើសអើង និងព័ត៌មានមិនពិត៕