(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធ Lionel Messi រកបាន ១គ្រាប់ក្នុងជំនួបដែលក្រុម FC Barcelona បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹងក្រុមភ្ញៀវ Atletico Madrid ដែលគ្រាប់លើកទី៧០០ ក្នុងអាជីពបាល់ទាត់ ជិត ២០ឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

តែយ៉ាងណា ការទទួលបានត្រឹម ១ពិន្ទុក្នុងដីនៃកីឡដ្ឋាន Camp Nou នេះដែរ នៅតែធ្វើឲ្យក្រុមការពារតំណែងជើងឯក LaLiga មួយនេះ បន្តដេញតាមពីក្រោយក្រុមកំពូលតារាង Real Madrid ត្រឹម ១ពិន្ទុដដែលក្នុងសប្តាហ៍ទី៣៣ ជើងទី២ គ្រាដែលក្រុមរបស់លោក Zidane នៅសល់ ១ប្រកួតក្នុងដៃ។

១គ្រាប់ដែលកើតឡើងនៅនាទីទី៥០ ដោយបាល់ ១១ម៉ែត្រនារាត្រីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ក៏គ្រាប់បាល់លើកទី២៧ របស់កីឡាករប្រធានក្រុមអាហ្សង់ទីនផងដែរគ្រប់កម្មវិធីប្រកួតរដូវកាលនេះ ដែលកើតចេញពីកីឡាករខ្សែការពារ Fellipe ទាក់ជើង Semedo ឲ្យដួលក្នុងប្រអប់គ្រោះថ្នាក់នៅដើមវគ្គទី២។

តែយ៉ាងណា កីឡាករ Saul Niguez ដែលបានរកគ្រាប់តាមស្មើ ១-១ ដោយបាល់ប៉េណាល់ទី១ តាំងពីក្នុងវគ្គទី១ មកនោះ ក៏បន្តស៊ុតបាល់ ១១ម៉ែត្របានសម្រេចទៀតនៅនាទីទី៦២ ដោយសារតែ Semedo បានធ្វើឲ្យ Carrsco ដួលក្នុងតំបន់ប៉េណាល់ទីវិញម្តង។

Messi ជាអតីតកីឡាករយុវជនចេញពីក្លិបនៅតំបន់ Catalan ដែលត្រូវបានកោះហៅឈុតធំក្នុងឆ្នាំ២០០៥ និងស៊ុតបញ្ចូលទីបាន ៧០០គ្រាប់ ពីការចូលលេងបាន ៧២៤ប្រកួតក្នុងរយៈពេល ១៥ឆ្នាំមកនេះ៕