(បាសេឡូណា)៖ ក្លិបបាល់ទាត់របស់អេស្ប៉ាញ FC Barcelona ដែលមានមូលដ្ឋាននៅទីក្រុងបាសេឡូណា ក្នុងតំបន់ដែលឲ្យឈ្មោះថា កាតាឡាំង (Catalan) ដោយគិតត្រឹមឆ្នាំ២០២០ នេះ គឺមានអាយុកាល ១២០ឆ្នាំហើយ ដែលក្លិបនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៩៩ មក។ ដំបូងឡើយក្លិបនេះមានឈ្មោះផ្លូវការថា «Futbol Club Barcelona» ឬក៏ហៅកាត់ថា FC Barcelona ដែលលេងក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ LaLiga។
Barcelona ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៨៩៩ ដោយមានការចូលរួមពីក្រុមជនជាតិមកពីប្រទេសស្វីស, អង់គ្លេស និងអេស្ប៉ាញ ដែលដឹកនាំលើកដំបូងដោយលោក Joan Gamper មានតម្លៃ ៤.០៦ពាន់លានដុល្លារ ឈរនៅចំណាត់ថ្នាក់ទី៤ លើពិភពលោក។
ក្លិបនេះមានរហស្សនាមថា «អ្នកមានបុណ្យ» បានកំពុងកាន់កាប់ពានរង្វាន់ក្របខណ្ឌបាល់ទាត់អេស្ប៉ាញចំនួន ៧៤ពានរង្វាន់ក្នុងនោះមាន LaLiga ២៦ដង, Copa Del Rey ៣០ដង, Supercopa De Espana ១៣ដង, Copa Eva Duart ៣ដង, Copa de La Liga ២ដង ខណៈពានរង្វាន់កម្រិតអន្តរជាតិ International Club Football Cup ក្លិបនេះក៏ធ្លាប់ឈ្នះបាន ៤លើកក្នុងប្រវត្តិសាស្ត្រដែរ។
បន្ថែមលើនេះ FC Barcelona ក៏ធ្លាប់ដណ្តើមបានពានរង្វាន់ប្រចាំអឺរ៉ុប និងពានផ្សេងៗទៀតបាន ២០លើកទៀតដែររួមមាន UEFA Champions League ៥លើក, UEFA Cup Winners’ Cup ៤លើក, UEFA Super Cup ៥លើក និងពាន Inter-Cities Fairs Cup រួមជាមួយ FIFA Club World Cup ៣លើកដូចគ្នា។ Barcelona ក៏ធ្លាប់ជាប់ជាក្លិបឈរចំណាត់ថ្នាក់ទី១ ពិភពលោកបាន ៥លើកក្នុងឆ្នាំ១៩៩៧, ២០០៩, ២០១១, ២០១២ និងឆ្នាំ២០១៥ ដែរ៕