(ក្រុងឡុងដ៍)៖ Manchester United បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៥ ក្បែរតំបន់កៅអី UEFA Champions League វិញ ក្រោយបំបាក់ម្ចាស់ផ្ទះ Brighton & Hove Albion ក្នុងលទ្ធផល ៣-០ ដែលជាជ័យជម្នះលើកទី២ ក្នុងចំណោម ៣ប្រកួតវិលមកប្រកួតវិញ ក្រោយជំងឺ Covid-19 ស្ងប់ស្ងាត់។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
ក្រុមរបស់លោក Ole មិនទាន់លេងចាញ់ប្រកួតណាមួយឡើយក្នុង Premier League ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្រៅពីស្មើ ១-១ ទល់នឹង Tottenham Hotspur ឈ្នះ Sheffield United និង Brighton ក្នុងលទ្ធផល ៣-០ ដូចគ្នានៃសប្តាហ៍ទី៣១ ជើងទី២។ Man Utd ឈរនៅលេខ៥ មាន ៥២ពិន្ទុចាញ់ក្រុមលេខ៤ Chelsea តែ ២ពិន្ទុប៉ុណ្ណោះ តែតោខៀវនៅសល់ ១ប្រកួតក្នុងដៃ។
១មួយវិញទៀត បិសាចក្រហមក៏បានទម្លាក់ក្រុមម្ចាស់ផ្ទះចាបលឿង Norwich City ក្នុងលទ្ធផល ២-១ នៅនាទីបន្ថែមកាលពីរាត្រីថ្ងៃសៅរ៍ ដើម្បីឡើងទៅប៉ះតោខៀវ Chelsea ក្នុងវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ថែមទៀតផង គ្រាដែលក្រុមការពារតំណែងជើងឯក Manchester City ត្រូវប៉ះកាំភ្លើងធំ Arsenal។
ខ្សែបម្រើប្រយុទ្ធ Bruno Fernandes ដែលទិញចូលទីក្លិបព័រទុយហ្គាល់ Sporting Lisbon រកបាន ២គ្រាប់ម្នាក់ឯង នៅនាទី២៩ និងនាទី៥០ ក្រោយពេលមិត្តរួមក្រុម Mason Greenwood រកបានគ្រាប់បើកឆាកនៅនាទី១៧ ដើម្បីផ្តល់ការខកចិត្តដល់ Brighton បន្តឈរនៅលេខរៀងទី១៥ បណ្តោះអាសន្នមានតែ ៣៣ពិន្ទុនៅក្រៅតំបន់កាត់ចេញពី Premier League ត្រឹមតែ ៦ពិន្ទុប៉ុណ្ណោះ ដោយនៅសល់ ៦ប្រកួតទៀតបិទរដូវកាល៕