(ភ្នំពេញ)៖ មហាជនខ្មែរ និងអ្នកតាមដានវិស័យភាពយន្ត មានភាពត្រេកអរស្ទើរគ្រប់គ្នា ពេលទទួលព័ត៌មានថា មានការថតរឿងខ្នាតធំមួយ បែបប្រវត្តិសាស្ត្រ ចំណងជើងថា « ប្រមាញ់ប្រវត្តិសាស្ត្រ» ដែលគ្រោងនឹងធ្វើពិធីក្រុងពាលីនាពេលខាងមុខ ហើយគ្រោងចាយទុនផលិតជាង ១លានដុល្លារឯណោះ។ យ៉ាងណាមិញ ដំណឹងនេះបែរជាធ្វើឲ្យគ្រប់គ្នា មានមន្ទិលទៅវិញ ព្រោះតារាសម្តែងមួយចំនួនធំ ដែលមានរូបក្នុង Poster មិនបានដឹងខ្លួនទាល់តែសោះ ថានឹងសម្តែងក្នុងរឿងនេះ ស្របពេលដែលក្រសួងពាក់ព័ន្ធ ក៏អះអាងថា ផលិតកម្ម DL មិនមានការចុះបញ្ជីត្រឹមត្រូវផងដែរ។ ឆ្លើយតបនឹងបញ្ហានេះ អ្នកដឹកនាំសម្តែងក្នុងផលិតកម្ម DL លោក ជិន ជ័យណារ៉ា បានចេញមកបញ្ជាក់ថា ផលិតកម្ម DL ពិតជាមិនទាន់ចុះបញ្ជីមែន ហើយសុំការយោគយល់ពីតួសម្តែងដែលមានរូបក្នុង Poster ខណៈបច្ចុប្បន្នកំពុងរត់ការចុះបញ្ជីនៅក្រសួង។
លោក ប៉ុក បូរក្ស ជាប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ Fresh News Plus ថា «ជារួមក្នុងនាមខ្ញុំជាប្រធាននាយកដ្ឋានភាពយន្ត គឺមានភាពរីករាយគាំទ្រ និងរីករាយផ្តល់កិច្ចសហការទៀត ព្រោះជារឿងបែបប្រវត្តិសាស្រ្ត និងឃើញមានចំណាយទុនច្រើន...»។
លោក ប៉ុក បូរក្ស បន្តថា «ជាទូទៅ ជានីតិវិធីដើម្បីផលិតបាន ផលិតករត្រូវតែទៅចុះបញ្ជីជាផលិតកម្ម នៅក្នុងក្រសួងវប្បធម៌ ប៉ុន្តែខ្ញុំមើលទៅលើផលិតកម្មគាត់នឹង (ផលិតកម្ម DL) គឺមិនមានការចុះបញ្ជីនោះទេ នេះជាចំណុចទី១។ ដោយឡែកចំណុចទី២ ដោយសារខ្ញុំព្យាយាមទាក់ទង ទៅអ្នកតំណាងផលិតកម្មអត់បាន ចឹងក៏បានសួរនាំទៅតារាមួយចំនួន ដែលមានមុខ លើ Poster របស់គាត់នឹង (ផលិតកម្ម DL) ចឹងទៅតារាទាំងអស់នឹងគាត់បដិសេធថា គាត់អត់បានដឹងទេ ហើយរូបរបស់គាត់ហ្នឹង ត្រូវបានគេយកទៅកាត់ត...»។
ក្នុងនាមជាអ្នកទទួលបន្ទុកផ្នែកភាពយន្ត លោក ប៉ុក បុរក្ស បានបន្តថា ខាងនាយកដ្ឋានកំពុងតែព្យាយាមទាក់ទង ទៅខាងផលិតកម្ម ដើម្បីធ្វើការស្រាយបំភ្លឺ កុំឲ្យមហាជនមានការយល់ច្រឡំ។ ជាពិសេស សិល្បករដែលមានរូបក្នុង Poster ក៏កំពុងតែចង់ដឹងការពិត ពីចេតនារបស់ផលិតកម្ម DL ផងដែរ។
ដើម្បីជាការបំភ្លឺទៅដល់មហាជន លោក ជិន ជ័យណារ៉ា ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំផលិតភាពយន្ត ប្រចាំផលិតកម្ម DL បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ យ៉ាងដូច្នេះថា តាមពិតទៅ ផលិតកម្ម DL ពិតជាមិនទាន់ចុះបញ្ជីនៅក្រសួងពាក់ព័ន្ធពិតប្រាកដមែន ខណៈបច្ចុប្បន្នក្រុមការងារលោក កំពុងប្រញាប់ប្រញាល់ រត់ការចុះបញ្ជី ឲ្យទាន់ពេលវេលា ខណៈ នេះក្រុមការងារលោក កំពុងរត់ការទៅក្រសួងពាណិជ្ជកម្ម និងបន្តមកដល់ក្រសួងវប្បធម៌បន្ថែមទៀត។
លោក ជិន ជ័យណារ៉ា បន្តថា Poster ភាពយន្ត «ប្រមាញ់ប្រវត្តិសាស្ត្រ» មិនទាន់សម្រេចជាផ្លូវការ ១០០ភាគរយនោះទេ ហើយការបង្ហោះនោះ គ្រាន់តែជាការស្ទាបស្ទង់មតិ ពីមហាជនតែប៉ុណ្ណោះ។ លោកពិតជានឹកស្មានមិនដល់ថា ការបង្ហោះស្ទាបស្ទង់មតិពីមហាជនចំពោះ រឿង « ប្រមាញ់ប្រវត្តិសាស្ត្រ» នេះ មានការគាំទ្រ និងដឹកឮច្រើនពីមហាជន។ លោកថា ពេលរត់ការច្បាប់ចុះបញ្ជីផលិតកម្មរួចរាល់ នឹងចរចា ជាមួយតួសម្តែងជាថ្មីម្តងទៀត ហើយយករឿងដែលបានសរសេររួច ឲ្យក្រសួងពិនិត្យត្រឹមត្រូវ។
ភ្ជាប់ជាមួយគ្នានឹងការទទួលស្គាល់ថា ផលិតកម្ម DL មិនទាន់បានចុះបញ្ជី លោក ជិន ជ័យណារ៉ា បានផ្ញើសារទៅកាន់តារាសម្តែងទាំងអស់ ឲ្យមានការយោគយល់ ចំពោះការកាត់រូបទៅបញ្ចូលក្នុង Poster ជាមួយគ្នា ព្រោះលោកគិតថា ស្តាយរូបភាពដែលតារាទាំងអស់ គ្រងជាឈុតបុរាណខ្មែរយ៉ាងសមសួន។
បើតាមការបញ្ជាក់ពីលោក ជិន ជ័យ ណារ៉ា រឿង «ប្រមាញ់ប្រវត្តិសាស្រ្ត» គឺជាភាពយន្តមួយដែលបង្ហាញពីអាថ៌កំបាំងជាច្រើន ពី ប្រវត្តិសាស្រ្តខ្មែរក្នុងសម័យកាលមុន។ ភាពយន្តនេះ គឺបែបសម័យ ដែលមានអ្នកសិក្សាផ្នែកបុរាណវិទ្យាមួយក្រុម ទៅសិក្សានៅប្រាសាទអង្គរវត្ត ហើយបាននឹកឃើញដល់សម័យកាលនីមួយៗ ដែលមានទម្រង់សម្លៀកបំពាក់ដ៏ស្រស់ស្អាតខុសប្លែកៗគ្នា គួរឲ្យចង់ទស្សនា៕