(ភ្នំពេញ)៖ គួច សុកុម្ភៈ របស់កម្ពុជាបានក្លាយជាកីឡាករអាស៊ានដំបូងគេ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមកម្មវិធី Pelegacy ដើម្បីអបអរសាទរកម្មវិធីធំៗ២ របស់ស្ដេចបាល់ទាត់ប្រេស៊ីល Pele ដែលនឹងរៀបចំដោយគេហទំព័រ www.proevents.com។ ជាមួយការជ្រើសរើសនេះ កីឡាករតំណាងកម្ពុជាខាងលើ ក៏បានសម្ដែងការចូលរួមដោយពេញចិត្ត និងសប្បាយរីករាយផងដែរ។
គោលបំណងសំខាន់ៗនៃកម្មវិធី Pelegacy នេះ ទី១-គឺដើម្បីរំលឹកខួបលើកទី៥០ នៃកំណត់ត្រាលើកទី៣ និងជាលើកចុងក្រោយរបស់អតីតស្ដេចបាល់ទាត់ Pele ដែលជួយក្រុមជម្រើសជាតិសាំបាប្រេស៊ីល លើកពានបាល់ទាត់ពិភពលោក កាលពីឆ្នាំ១៩៧០ (ថ្ងៃទី២១ ខែមិថុនា)។ ទី២-ដើម្បីអបអរសាទរខួបកំណើតគម្រប់ ៨០ឆ្នាំរបស់លោកនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
កម្មវិធីនេះដែរ ទាំងកីឡាករ គួច សុកុម្ភៈ និងកីឡាករល្បីៗដែលត្រូវបានជ្រើសរើស ត្រូវធ្វើសារជូនពរ តាមរយៈការសរសេរ និងចុះហត្ថលេខានៅលើអាវក្លិប ឬអាវជម្រើសជាតិ ឬធ្វើជាវីដេអូ បង្ហោះលើបណ្ដាញសង្គម និងផ្ញើទៅស្ដេចបាល់ទាត់ Pele ផ្ទាល់។ បន្ទាប់ពីទទួលបានសារជូនពរទាំងនោះ Pele ក៏នឹងផ្ញើសារអរគុណចំពោះការគាំទ្រ និងជូនពរដល់លោកវិញផងដែរ។
ក្នុងលិខិតអញ្ជើញរបស់ Proevents បានបញ្ជាក់ដែរថា «កម្មវិធីនេះ គឺចង់ផ្ដល់ឲ្យកីឡាករបច្ចុប្បន្ន និងអ្នកចូលនិវត្តន៍ជុំវិញពិភពលោក ទទួលបានឱកាសមួយក្នុងជីវិត ដើម្បីគោរព និងប្រាស្រ័យទាក់ទងជាមួយ Pele តាមរយៈសកម្មភាពជានិមិត្តរូប ក្នុងការប្រកបអាជីពកីឡាមួយនេះ។ ម្យ៉ាងគំនិតផ្ដួចផ្ដើមនេះ យើងក៏ចង់ឲ្យទទួលស្គាល់សមិទ្ធផលរបស់ Pele តាមរយៈយុទ្ធនាការមួយនេះដែរ»៕