(ទីក្រុងកាប)៖ ការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations ដែលគ្រោងនឹងធ្វើឡើងក្នុងអំឡុងខែមករា ឆ្នាំ២០២១ ខាងមុខនេះ ត្រូវបានពន្យារពេលលើកទៅប្រកួតនៅខែមករា ឆ្នាំ២០២២ វិញ ដោយសារវិបត្តិ ជំងឺ COVID-19 ដែលត្រូវបានប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក CAF នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
យោងតាមការចេញផ្សាយដោយ CNA បានឲ្យដឹងថា វិបត្តិ COVID-19 បានធ្វើឲ្យការប្រកួតបាល់ទាត់នៅទូទាំងតំបន់អាហ្រ្វិក ត្រូវបានផ្អាក ដើម្បីសុវត្ថិភាពចាប់តាំងពីខែមីនាមកម្ល៉េះ ខណៈការប្រកួតវគ្គជម្រុះត្រូវបានធ្វើឡើងតិចតួចបំផុត។
សម្រាប់ព្រឹត្តិការណ៍ដែលមានរយៈពេល ២ឆ្នាំម្តងនេះ Africa Cup of Nations 2022 នឹងធ្វើឡើងនៅប្រទេសកាម៉េរូន ចាប់ពីថ្ងៃទី០៦ ខែមករា ដល់ថ្ងៃទី០៩ ខែកម្ភៈ។
បន្ថែមលើនេះ កាម៉េរូន ក៏ត្រូវបានជ្រើសជាទីតាំងសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ African Champions League ក្នុងរដូវកាលនេះទៀតផង ដែលត្រូវបានសេចក្តីសម្រេចពី CAF ដោយនឹងធ្វើឡើងតែមួយទីតាំងប៉ុណ្ណោះ នៅទីក្រុង Douala តែម្តង៕