(ម៉ូស្គូ)៖ អាជ្ញាធរឧតុនិយមប្រទេសរុស្ស៉ីនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា បានឲ្យដឹងថា ក្រុងដាច់ឆ្ងាយមួយនៅភាគឦសាននៃតំបន់ស៉ីបេរី បានកត់ត្រាឃើញនូវសីតុណ្ហភាពខ្ពស់ មិនធ្លាប់មានគឺ៣៨អង្សាសេ នាពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។
សីតុណ្ហភាពខាងលើត្រូវបានរាយការណ៍ដំបូងបំផុត កាលពីពេលកន្លងទៅក្នុងខែមិថុនានេះ នៅឯក្រុងមួយរបស់ប្រទេសរុស្ស៉ីឈ្មោះ វែខូយ៉ាំង (Verkhoyansk) នៅភាគ ខាងជើងនៃតំបន់រង្វង់អាក់ទិចក្បែរប៉ូលខាងជើង។ ប្រការនេះបានធ្វើឲ្យអង្គការឧតុនិយមអន្តរជាតិមានប្រតិកម្មភ្លាមៗ ដោយបានស្នើមកកាន់ ទីក្រុងម៉ូស្គូឲ្យបញ្ជាក់ពីសីតុណ្ហភាពដ៏ខ្ពស់ នៅតំបន់ដែលតែងតែត្រជាក់នេះ។
លោក រ៉ូមេន វីលហ្វេន (Roman Vilfand) ប្រធានមជ្ឈមណ្ឌលឧតុនិយមរុស្ស៉ី បានបញ្ជាក់ថា សីតុណ្ហភាពនៅក្រុង Verkhoyansk បានកើន ដល់៣៨អង្សាសេ កាលពីថ្ងៃទី១៧ ខែមិថុនា ដោយសារតែកំឡុងពេលនោះបាតុភូតម៉្យាងហៅថា Anticyclone មានការកើនឡើងច្រើន ហើយ មានរលកកម្តៅបក់កាត់ថែមទៀត នៅក្បែរតំបន់អាក់ទិច ជាហេតុធ្វើឲ្យព្រះអាទិត្យជះកម្តៅខ្លាំងជាប់រហូត។
គួរជម្រាបថា បើតាមក្រុមអ្នកជំនាញ តំបន់ប៉ូលខាងជើងកំពុងកើនឡើងសីតុណ្ហភាពខ្ពស់គួរឲ្យកត់សម្គាល់។ ចំណែកអង្គការឧតុនិយម អន្តរជាតិ បាននិយាយថា ការកើនឡើងសីតុណ្ហនៅក្រុងរបស់រុស្ស៉ី គឺគួរឲ្យបារម្ភមែម ប៉ុន្តែវាហាក់ស្របទៅតាមទំនោរនៃការកើនឡើងកម្តៅ ពិភពលោក។ ក្រុង Verkhoyansk គឺជាកន្លែងដ៏ត្រជាក់ខ្លាំងមួយ ដោយកាលចុងទសវត្សរ៍ឆ្នាំ១៩៩០ សីតុណ្ហភាពនៅទីនោះធ្លាប់ចុះត្រជាក់ ដល់-៦៧.៨អង្សាសេឯណោះ៕