(ពិភពលោក))៖ តើអ្នកដឹងទេថានៅលើភពផែនដីយើងនេះ មានកន្លែងខ្លះគឺគ្មានភ្លៀងធ្លាក់អស់រយៈពេលជាង ២ លានឆ្នាំមកហើយ តែសូមបញ្ជាក់ជាមុនថា កន្លែងដែលគ្មានភ្លៀងធ្លាក់នេះមិនមែននៅវាលខ្សាច់ ឬកណ្ដាលមហាសមុទ្រនោះឡើយ គឺភាគច្រើនស្ថិតនៅតំបន់ប៉ូលខាងត្បូង នៃទ្វីបអង់តាក់ទិក។
តាមលក្ខណៈបច្ចេកទេស និយមន័យនៃពាក្យថា «វាលខ្សាច់» គឺជាតំបន់ដែលទទួលទឹកភ្លៀងក្នុងកម្រិតទាបបំផុត គឺក្រោម ២៥.៤ សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ រីឯសមុទ្រខ្សាច់សាហារ៉ាទទួលបានទឹកភ្លៀងមិនដល់ ២.៥៤ សង់ទីម៉ែត្រក្នុងមួយឆ្នាំនោះឡើយ។
បរិមាណទឹកភ្លៀងជាមធ្យមក្នុងទ្វីបអង់តាក់ទិកក៏មិនខុសគ្នាប៉ុន្មានដែរ តែមានផ្ទៃដីប្រមាណ ២% នៃទ្វីបនេះ គឺគ្មានទឹកកក និងព្រិលនោះឡើយ ហើយថែមទាំងគ្មានភ្លៀងធ្លាក់សូម្បីតែបន្តិច។ តំបន់នេះគេហៅថា «ជ្រលងភ្នំស្ងួត ឬ Dry Valley»។
ទីកន្លែងស្ងួតបំផុតលើពិភពលោកបន្ទាប់ពីជ្រលងភ្នំស្ងួត គឺនៅវាលខ្សាច់អាតាកាម៉ា នៃប្រទេសឈីលី ដែលមានផ្ទៃដីខ្លះគ្មានភ្លៀងធ្លាក់ជិត ២០០ ឆ្នាំមកហើយ រីឯបរិមាណទឹកភ្លៀងជាមធ្យមក្នុងមួយឆ្នាំ ក៏តិចជាង ០.០១ សង់ទីម៉ែត្រដែរ ដូច្នេះបើប្រៀបធៀបនឹងសមុទ្រខ្សាច់ទាំងអស់នោះ វាទទួលបានតំណែងជាសមុទ្រខ្សាច់ដ៏ស្ងួតបំផុតលើពិភពលោក ឬអាចនិយាយបានថា ស្ងួតជាងវាលខ្សាច់សាហារ៉ាដល់ទៅ ២៥៤ ដងឯណោះ។
ទ្វីបអង់តាក់ទិក មិនត្រឹមតែជាកន្លែងដែលស្ងួតបំផុតលើពិភពលោកប៉ុណ្ណោះទេ វាក៏ជាកន្លែងដែលមានទឹកច្រើន និងមានខ្យល់បក់ខ្លាំងបំផុតលើពិភពលោកផងដែរ។ អ្នកនឹងបានឃើញទឹកសាប ៧០% នៃពិភពលោកនៅទីនោះក្នុងរូបរាងជាទឹកកក ឯល្បឿនខ្យល់ក៏ខ្លាំងបំផុតតាមដែលធ្លាប់កត់ត្រាមកដែរ។
លក្ខណៈពិសេសរបស់ជ្រលងភ្នំស្ងួតក្នុងទ្វីបអង់តាក់ទិក កើតឡើងដោយសារតែខ្យល់បក់ពីភ្នំកាតាបាទិក។ បាតុភូតនេះកើតមានឡើងនៅពេលខ្យល់ត្រជាក់ ហើយក្រោស់ឃ្មឹកបក់ពីលើភ្នំដោយឥទ្ធិពលនៃទំនាញផែនដី។ ខ្យល់នេះអាចមានល្បឿនរហូតដល់ ៣២២ គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឱ្យសំណើមទាំងឡាយមិនថាស្ថិតក្នុងសភាពជាទឹក ទឹកកក ឬព្រិលនោះឡើយ គឺតែងតែត្រូវហួតហែងទាល់តែអស់៕