(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៤ ឆ្នាំ២០២០ បានបញ្ចប់ការប្រកួតជើងទី១ សម្រាប់វគ្គ ៨ក្រុមចុងក្រោយហើយ គ្រាដែលក្រុមការពារតំណែងជើងឯកខេត្តត្បូងឃ្មុំ គឺជាក្រុមតែមួយគត់ ដែលដណ្ដើមបានជ័យជម្នះក្រៅដី ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ ដោយលទ្ធផល ២-០ នៅល្ងាចថ្ងៃពុធនេះ។
គ្រាប់បាល់ជ័យជម្នះ ២គ្រាប់របស់ខេត្តត្បូងឃ្មុំខាងលើ ធ្វើសម្រេចដោយកីឡាករ វ៉ាហីដ ហាំហ្វា និងកីឡាករ កុប វ៉ាន់នី នៅក្នុងវគ្គទី១ ដូចគ្នា។ លុះចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមសម្រុករៀងៗខ្លួន តែពុំអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ធ្វើឲ្យចប់ការប្រកួតខេត្តត្បូងឃ្មុំ ទទួលបានជ័យជម្នះ មុនបើកទ្វារផ្ទះទទួលខេត្តកំពង់ស្ពឺវិញនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ។
ដោយឡែក ១គូទៀត ដែលប្រកួតដំណាលគ្នាថ្ងៃនេះ គឺខេត្តកែប បានយកឈ្នះទាំងប្រផិតប្រផើយលើក្រុមភ្ញៀវខេត្តកំពង់ឆ្នាំង ៤-៣។ ដូច្នេះខេត្តកែប គឺជាខេត្តទី៣ ដែលដណ្ដើមបានជ័យជម្នះក្នុងដី សម្រាប់ការប្រកួតជើងទី១ បន្ទាប់ពីខេត្តព្រៃវែង និងខេត្តសៀមរាប។ យ៉ាងណាមិញការប្រកួតនៅសល់មួយជើងទៀត ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ថា វគ្គ ៨ក្រុមចុងក្រោយនៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្តនេះ នឹងធ្វើឡើង ២ជើង ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ដូចជាទទួលបានកៅអីចូលរួមប្រកួតពានថ្នាក់ជាតិ ជាមួយក្លិបសមាជិកលីគកំពូលកម្ពុជាចំនួន១២ (លើកលែងយុវជនបាទី ដែលមិនចូលរួម)។ ចំពោះការប្រកួតជើងទី២ នឹងធ្វើឡើងនាថ្ងៃទី០៧-០៨ ខែកក្កដាខាងមុខ៕