(ភ្នំពេញ)៖ កីឡាករកូនកាត់ខ្មែរ-អាមេរិក Eric Pieroun Pen ម្ចាស់ខ្សែក្រវ៉ាត់ WBA Asia Heavyweight Championship បានក្លាយជាសមាជិកក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាផ្លូវការហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជានាល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។
កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ដែលមានឪពុកម្ដាយមានដើមកំណើតពីខេត្តកំពតរូបនេះ បានចាប់ផ្ដើមអាជីពប្រដាល់សកលស្ម័គ្រចិត្តដំបូងកាលពីឆ្នាំ២០១៤ មុនវិវត្តន៍ខ្លួនក្លាយជាអ្នកប្រដាល់សកលអាជីព នៅឆ្នាំ២០១៨ ហើយឈានដល់ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBA Asia Heavyweight Championship បានសម្រេចកាលពីឆ្នាំ២០១៩។
លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ន Eric Pieroun Pen កំពុងធ្វើការហ្វឹកហាត់នៅប្រទេសវៀតណាម ហើយសហព័ន្ធបានធ្វើការជាមួយរូបគេ រហូតឈានដល់ការបញ្ចូលកីឡាករកូនកាត់ខ្មែរ-អាមេរិករូបនេះ ទៅក្នុងក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតលក្ខណៈអន្ដរជាតិនានា។ តែយ៉ាងណា Eric Pen នឹងបន្ដហ្វឹកហាត់នៅវៀតណាម រហូតមានការប្រកួតអន្ដរជាតិ ទើបគេត្រឡប់មកប្រកួតតំណាងកម្ពុជាតែម្ដង។
ទន្ទឹមជាមួយការបានក្លាយជាកីឡាករជម្រើសជាតិកម្ពុជានេះដែរ Eric Pen បានសម្ដែងការសប្បាយចិត្ត និងមានមោទនភាពជាខ្លាំង ក្នុងការមកប្រកួតតំណាងប្រទេសកំណើតរបស់ឪពុកម្ដាយខ្លួន។ គេនិយាយថា «ខ្ញុំពិតជាមានមោទនភាព និងកិត្តិយសក្រៃលែង ដែលបានក្លាយជាកីឡាករជម្រើសជាតិកម្ពុជា។ ខ្ញុំពិតជាចង់បង្ហាញពីដើមកំណើតរបស់ខ្ញុំ និងឪពុកម្តាយរបស់ខ្ញុំ ក៏ដូចជាបង្ហាញដល់សាធារណជនពីកម្ពុជា»។
លើសពីនេះ Eric Pen ក៏រំពឹងថា នឹងបានចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដើម្បីដណ្ដើមមេដាយជូនជាតិផងដែរ។ អ្នកប្រដាល់ទម្ងន់ធ្ងន់រូបនេះ បន្ដថា «ខ្ញុំនឹងបន្តប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតបន្ថែមទៀត រហូតដល់ពេលវេលាមកដល់ ខ្ញុំនឹងអាចរៀបចំខ្លួនបានល្អសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ហើយយើងនឹងឈានទៅសម្រេចគោលដៅ។ ខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាថា ខ្ញុំសូមអរគុណយ៉ាងក្រៃលែងសម្រាប់ការគាំទ្ររូបខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា និងជួបគ្នានាពេលឆាប់ៗនេះ»៕