(ប្រេស៊ីល)៖ កីឡាករបាល់ទាត់អន្តរជាតិ ចំនួន៤នាក់ ត្រូវបានគេរកឃើញ មានភាពវិជ្ជមាន នៃវីរ៉ុសឆ្លង COVID-19 ខណៈក្លិបបាល់ទាត់ប្រេស៊ីល កំពុងរៀបចំក្នុងការចាប់ផ្តើមឡើងវិញ នៃការប្រកួត, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១ ខែកក្កដានេះ។

ក្លិប Porto Alegre បានឲ្យដឹងតាមសេចក្តីថ្លែងការណ៍ថា ឈ្មោះនៃកីឡាករទាំងនោះ មិនត្រូវបានគេបង្ហាញនោះទេ ហើយពួកគេមិនមានរោគសញ្ញាឡើយ និងត្រូវបានដាក់ឲ្យរស់នៅ ដាច់ដោយឡែកពីគេ ស្ថិតក្រោមការថែទាំ។

ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯក សេរី A របស់ប្រេស៊ីល ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើង នៅថ្ងៃទី៨ ខែសីហាខាងមុខនេះ, ក្រោយ រយៈពេល៣ខែ នៃផែនការដើម ដែលគ្រោង ធ្វើឡើង។

ការប្រកួតបាល់ទាត់ទាំងអស់ នៅក្នុងប្រទេសប្រេស៊ីល ត្រូវបានផ្អាកកាលពីពាក់កណ្តាលខែមីនា ដោយវាគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការរីករាលដាល នៃវីរ៉ុសឆ្លង COVID-19។

ពាន់រង្វាន់ជើងឯក Carioca របស់ទីក្រុង Rio de Janeiro បានក្លាយជាលីគបាល់ទាត់ដំបូង នៅក្នុងប្រទេសប្រេស៊ីល ដែលបានចាប់ផ្តើមឡើងវិញ នាពហុកីឡដ្ឋាន Maracana នាថ្ងៃទី១៨ ខែមិថុនាកន្លងទៅ។

ប្រេស៊ីល មានករណីឆ្លង COVID-19 ជាង១.៤លានករណី ក្នុងនោះជាង៥៩,៦០០ករណីបានស្លាប់៕