(ប៉េកាំង)៖ សមាគមបាល់ទាត់ចិន (CFA) បានប្រកាសនៅថ្ងៃពុធនេះថា រដូវកាលប្រកួត លីគបាល់ទាត់កំពូលរបស់ចិន (Chinese Super League) ឆ្នាំ២០២០ ដែលដំបូងឡើយ គ្រោងនឹងធ្វើឡើង នៅថ្ងៃទី២២ ខែកុម្ភៈនោះ នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២៥ ខែកក្កដាខាងមុខ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ។
សមាគមបាល់ទាត់ចិន បានឲ្យដឹងថា ទីក្រុង Suzhou ភាគខាងត្បូង ខេត្ត Jiangsu និងទីក្រុង Dalian ភាគខាងជើង ខេត្ត Liaoning របស់ចិន ត្រូវបានជ្រើសរើស ជាទីក្រុងធ្វើជាម្ចាស់ផ្ទះ ដើម្បីចាប់ផ្តើមរដូវកាលឡើង។
លីគបាល់ទាត់កំពូលរបស់ចិន ដែលមានក្រុមបាល់ទាត់ចំនួន១៦ក្រុម ចូលរួមប្រកួតនេះ ត្រូវបានគេរាយការណ៍ថា នឹងធ្វើឡើង ដោយមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រ ចូលរួមទស្សនាផ្ទាល់នោះទេ៕