(ម៉ាឌ្រីដ)៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធបានឲ្យដឹងថា ក្លិប Real Madrid បានបោះជំហានចុងក្រោយឆ្ពោះទៅរកការបង្កើតក្រុមបាល់ទាត់នារីរបស់ពួកគេជាផ្លូវការ បន្ទាប់ពីសហព័ន្ធបាល់ទាត់អេស្ប៉ាញបានយល់ព្រមលើកិច្ចព្រមព្រៀង ដើម្បីបញ្ចូលគ្នាជាមួយ CD Tacon។

តាមរយ:ការចេញផ្សាយដោយ Channel News Asia បានឲ្យដឹងថា Real បានយល់ព្រមបញ្ចូលក្រុម CD Tacon ជាក្រុមតែមួយកាលពីឆ្នាំមុន បន្ទាប់ពីពួកគេបានឡេីមកលេងក្នុងលីគកំពូលអេស្បាញ និងទទួលការឯកភាពពីថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកក្នុងក្លិបដែរ។

Tacon បានរក្សាទុកឈ្មោះ ផ្លាកសញ្ញា និងឧបករណ៍របស់ពួកគេកាលពីរដូវកាលមុន ប៉ុន្តែបានលេង និងបណ្តុះបណ្តាលនៅឯទឹកដីរបស់ Real Madrid។

គួរបញ្ជាក់ផងថា ក្រុម CD Tacon បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១០ ក្នុងចំណោម ១៦ក្រុមដែលបានបញ្ចប់មុនពេលកំណត់ ដោយសារជំងឺរាតត្បាត COVID-19។

បន្ថែមលើនេះ ក្លិបអ្នកមានអេស្ប៉ាញ Real Madrid នឹងបង្កើតក្រុមយុវជនផ្នែកបុរសដែលមានអាយុក្រោម ១៦ឆ្នាំដល់ ១៩ឆ្នាំទៀតដែរ។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា Real Madrid កំពុងតែទន្ទឹងរង់ចាំការប្រកួតប្រជែងថ្មីនេះ ដោយមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កីឡាបាល់ទាត់នារី និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍និងរីកចម្រើននៅក្នុងប្រទេស្ថិតនៅអឺរ៉ុបមួយនេះទៀតដែរ៕