(វ៉ាស៉ីនតោន)៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនអាហារទាន់ចិត្ត McDonald គ្រោងនឹងផ្អាកគម្រោងបើកសេវាកម្មទទួលភ្ញៀវឲ្យចូលពិសាអាហារនៅនឹងកន្លែងរបស់ខ្លួនឡើងវិញ សម្រាប់រយៈពេល២១ខែទៀត នៅសហរដ្ឋអាមេរិក ដោយសារតែការកើនឡើងនៃករណីឆ្លង COVID-19។
ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើឡើង ដោយផ្អែកលើលិខិតមួយច្បាប់។ ក្នុងរយៈពេល២ខែដំបូង នៅត្រីមាសទី២នៃឆ្នាំនេះ ក្រុមហ៊ុន McDonald បានមើលឃើញការលក់ដូររបស់ខ្លួននៅជុំវិញពិភពលោកធ្លាក់ចុះ៣០ភាគរយ ដោយសារតែបិទទ្វារភោជនីយដ្ឋានខ្លួន ដែលបង្កឡើងពីការរីករាតត្បាតនៃជំងឺឆ្លងជាសកល COVID-19។
គួរជម្រាបថា កំឡុងវិធានការរឹតត្បិតដែលបណ្តាលមកពី COVID-19 ភោជនីយដ្ឋានភាគច្រើនរបស់ McDonald ត្រូវបង្ខំឲ្យដាក់កំហិតលើប្រតិបត្តិការរបស់ខ្លួន មកនៅត្រឹមការផ្តល់សេវាកម្មឲ្យអតិថិជនខ្ចប់យកទៅហូបនៅកន្លែងផ្សេង និងសេវាដឹកជញ្ជូនដល់កន្លែងអតិថិជនតែប៉ុណ្ណោះ ខណៈសេវាទទួលឲ្យពិសាផ្ទាល់នៅនឹងហាង គឺត្រូវបានផ្អាករហូតមកទល់ពេលនេះ៕