(បាងកក)៖ «តំបន់កម្សាន្តភ្លើងក្រហម» នៅទីក្រុងបាងកកនៃប្រទេសថៃ កាលពីថ្ងៃពុធម្សិលមិញនេះ បានបើកទ្វារឡើងវិញហើយ បន្ទាប់ពី​ពួកវាត្រូវបានបិទទ្វារអស់រយៈពេលជាង៣ខែ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារ​ព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។

បារ ការ៉ាអូខេ កន្លែងម៉ាស្សា និងទីតាំងនារីរកស៉ីផ្លូវភេទ គឺស្ថិតក្នុងប្រភេទអាជីវកម្មចុងក្រោយគេ ដែលត្រូវបានអនុញ្ញាតឲ្យបើកទ្វារឡើង​វិញដោយមានលក្ខខណ្ឌ ខណៈមកទល់ពេលនេះ ប្រទេសថៃពុំមានការឆ្លង COVID-19 នៅក្នុងស្រុកផ្ទាល់ រយៈពេលជិត៤០ថ្ងៃមកហើយ។ ការបើកទ្វារអាជីវកម្មប្រភេទនេះ មានន័យថា ជាការបានវិលត្រឡប់ទៅបំពេញការងារចិញ្ចឹមជីវិតវិញ នៃមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដែល​ធ្វើការក្នុងឧស្សាហកម្មកម្សាន្តពេលរាត្រីនេះ ខណៈកន្លងមកនេះពួកគេបានប្រឈមនឹងការលំបាកខ្លាំង។

យ៉ាងណាមិញ ទោះជាត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញក៏ដោយ ប៉ុន្តែភ្លាមៗនេះគេសង្កេតឃើញថា ហាក់មិនមានភ្ញៀវច្រើនឡើយ ហើយ​​កន្លែងមួយចំនួនក៏នៅតែបន្តបិទទ្វារដដែល។ សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវគេព្យាករណ៍ថា នឹងបន្តធ្លាក់ចុះខ្លាំងជាងប្រទេសណាៗទាំងអស់​​ក្នុងចំណោមបណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ដោយចំនួនភ្ញៀវទេសចរបរទេស ត្រូវគេរំពឹងថានឹងបាត់បង់៨០ភាគរយនៅក្នុងឆ្នាំ២០២០នេះ​។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ថៃបានរកឃើញអ្នកឆ្លង COVID-19 សរុប៣,១៧៣នាក់ ក្នុងនោះស្លាប់៥៨នាក់ និងជាសះស្បើយ៣,០៥៩នាក់៕