(បរទេស)៖ ការធ្វើដំណើរទេសចរណ៍តាមនាវា គឺជាវិស័យដែលមានការរីកដុះដាលខ្លាំងមួយ និងទទួលបានការគាំទ្រជាខ្លាំង។ ជាច្រើនឆ្នាំកន្លងមកនេះ នាវា​ទេសចរណ៍ធំៗ ត្រូវបានផលិតឡើងជាបន្តបន្ទាប់ ដែលរួមមាននូវកន្លែងកម្សាន្តផ្សេងៗយ៉ាងសម្បូរបែប នៅលើនោះផ្ទាល់ សម្រាប់ភ្ញៀវទេសចរ​។ ប៉ុន្តែតើអ្នកមានដឹងទេថា បច្ចុប្បន្ននាវាទេសចរណ៍មួយណា ដែលត្រូវគេចាត់ទុកថា ជានាវាទេសចរណ៍ធំជាងគេបង្អស់?

១៖ «ស៉ីមហ្វូនី (Symphony)»

នាវា Symphony of the Seas គឺជារបស់ក្រុមហ៊ុន Royal Caribbean International ដែលបច្ចុប្បន្នវាត្រូវគេចាត់ទុកជា កប៉ាល់ទេសចរណ៍មាន​ទំហំធំជាងគេបំផុតនៅលើពិភពលោក។ នាវាទេសចរណ៍ខ្នាតយក្សនេះ មានចំណុះ២២៨,០៨១តោន បណ្តោយប្រវែងជាង៣៦១ម៉ែត្រ និង​​ទទឹងអតិបរមាជាង៦៥ម៉ែត្រ។ វាមានបន្ទប់ស្នាក់នៅចំនួន២,៧៥៩បន្ទប់ ហើយអាចឲ្យភ្ញៀវស្នាក់នៅបាន​៥,៥១៨នាក់ និងអាចឡើងរហូតដល់៦,៦៨០នាក់ ជាចំនួនអតិបរមា។

កប៉ាល់ទេសចរណ៍ដ៏ធំបំផុតនៅលើពិភពលោកនេះ ត្រូវគេចាត់ទុកជា គោលដៅវិស្សមកាលដ៏អស្ចារ្យលក្ខណៈគ្រួសារ ដែលអាចផ្តល់នូវ​​បទពិសោធន៍វិសេសវិសាលមិនអាចបំភ្លេចបាន។ វាត្រូវបានសាងសង់ឡើងនៅក្រុមហ៊ុនសង់ត្យេ ឌឺ ឡាត់ត្លង់ទិច (Chantiers de l'Atlantique/STX France) នៅប្រទេសបារាំង និងប្រគល់ឲ្យ Royal Caribbean កាលពី​ឆ្នាំ២០១៨។

២៖ «ហាម៉ូនី (Harmony)»

នាវាទេសចរណ៍ Harmony of the Seas ក៏ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Caribbean ដែរ។ បច្ចុប្បន្នវាជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោម​នាវាទេសចរណ៍ ដែលមានទំហំធំជាងគេបំផុតក្នុងពិភពលោក។ Harmony ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន STX France។ នាវានេះ​ត្រូវបានប្រគល់ឲ្យក្រុមហ៊ុន Royal Caribbean កាលឆ្នាំ២០១៦ និងបានចេញដំណើរទេសចរណ៍​លើក​ដំបូង កាលពី ឆ្នាំ២០១៩។

នាវានេះមានចំណុះ២២៦,៩៦៣តោន បណ្តោយប្រវែងជាង៣៦២ម៉ែត្រ និងទទឹងអតិបរមាជាង៦៥ម៉ែត្រ។ Harmony មានបន្ទប់ស្នាក់នៅ​ចំនួន២,៧៤៧បន្ទប់ ហើយអាចឲ្យភ្ញៀវស្នាក់នៅបាន​៥,៤៩៤នាក់ បើស្នាក់នៅក្នុងបន្ទប់​​មួយពីរនាក់ និងអាចឡើងរហូតដល់៦,៦៨៧នាក់ ជាចំនួនអតិបរមា បើគិតតែពីប្រវែងបណ្តោយគឺ Harmony វែងជាងគេបង្អស់។

៣៖ «អូអេស៉ីស (Oasis)»

Oasis of the Seas ក៏ជានាវាទេសចរណ៍របស់ក្រុមហ៊ុន Royal Caribbean ដែរ។ នាវាទេសចរណ៍ Oasis ត្រូវបានផលិតដោយក្រុមហ៊ុន STX Europe និងត្រូវបានប្រគល់ទៅឲ្យ Royal Caribbean កាលពីឆ្នាំ២០០៩។ នាវានេះមានចំណុះ២២៦,៨៣៨តោន បណ្តោយប្រវែង​៣៦០ម៉ែត្រ ទទឹងអតិបរមាជាង៦០ម៉ែត្រ។ Oasis មានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានចំនួន៥៤៨៤នាក់ ឬអាចរហូតដល់៦,៧៨០នាក់ ជាចំនួនអតិបរមា។

 ៤៖ «អាល័រ (Allure)»

Allure of the Seas គឺជានាវាទេសចរណ៍មួយផ្សេងទៀតរបស់ក្រុមហ៊ុន Royal Caribbean International ដែលជាប់ចំណាត់ថ្នាក់ទី៤ នៅក្នុង​ចំណោមនាវាទេសចរណ៍ ដែលមានទំហំធំជាងគេបំផុតក្នុងពិភពលោក។ វាត្រូវបានធ្វើការសាងសង់ឡើងដោយក្រុមហ៊ុន STX Europe នៅប្រទេសហ្វាំងឡង់។

នាវាទេសចរណ៍នេះ មានចំណុះ២២៥,២៨២តោន បណ្តោយប្រវែង៣៦០ម៉ែត្រ និងប្រវែងទទឹងអតិបរមាជាង៦០ម៉ែត្រ។ Allure ត្រូវបាន​ប្រគល់ឲ្យក្រុមហ៊ុន Royal Caribbean International​ កាលពីឆ្នាំ២០១០។ នាវានេះមានបន្ទប់ស្នាក់នៅ២,៧៤២បន្ទប់ អាចទទួលភ្ញៀវបាន​៥,៤៨៤នាក់ ​ និងបានរហូតដល់ ៦,៧៨០នាក់ ជាចំនួនអតិបរមា។

៥៖ «កូស្តា ស្មឺរ៉ាល់ដា (Costa Smeralda)»

Costa Smeralda ជានាវាទេសចរណ៍របស់ក្រុមហ៊ុន Costa Cruises ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Carnival Corporation។ វាត្រូវបាន​ផលិតឡើងដោយក្រុមហ៊ុន Meyer Turku នៅប្រទេសហ្វាំងឡង់ ហើយបានប្រគល់ឲ្យ Costa Cruises នៅឆ្នាំ២០១៩។ នាវានេះមានចំណុះ​១៨៥,០១០តោន បណ្តោយប្រវែង៣៣៧ម៉ែត្រ ទទឹង៤២ម៉ែត្រ ហើយមានបន្ទប់ស្នាក់នៅ២,៦១២បន្ទប់ អាចទទួលភ្ញៀវបានប្រមាណ​​៥,២២៤នាក់ និងបានរហូតដល់៦,៥៥៤នាក់ ជាចំនួនអតិបរមា។

៦៖ «អៃដាណូវ៉ា (AIDANova)»

នាវាទេសចរណ៍ AIDAnova ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន AIDA Cruises ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Carnival Corporation ។ វាជានាវា​ទេសចរណ៍ដំបូងបំផុត ដែលអាចដំណើរការដោយឧស្ម័នធម្មជាតិក្នុងទម្រង់រ៉ាវហៅថា LNG។ នាវាសមុទ្រ AIDANova ត្រូវបានផលិតឡើង​ដោយក្រុមហ៊ុន Meyer Werft នៅអាល្លឺម៉ង់ ហើយប្រគល់ឲ្យ AIDA Cruises កាលពីឆ្នាំ២០១៨។

នាវានេះមានចំណុះ១៨៣,៨៥៨តោន បណ្តោយប្រវែង៣៣៧ម៉ែត្រ និងទទឹង៤២ម៉ែត្រ។ វាមានបន្ទប់ស្នាក់នៅ២,៦២៦បន្ទប់ និងអាចទទួលភ្ញៀវ​បាន៥,២៥២នាក់ ហើយជាអតិបរមាបានរហូតដល់៦,៦៥៤នាក់ ។

៧៖ «ហ្គ្រេនឌីអូសា (Grandiosa)»

MSC Grandiosa ជានាវាទេសចរណ៍របស់ក្រុមហ៊ុន MSC Cruises។ នាវានេះមានចំណុះ១៨១,៥៤១តោន បណ្តោយប្រវែងជាង៣៣១ម៉ែត្រ និងទទឹង៤៣ម៉ែត្រ។ វាមានបន្ទប់ស្នាក់នៅ២,៦៣២បន្ទប់ អាចឲ្យភ្ញៀវស្នាក់នៅបាន៥,២៦៤នាក់ ហើយជាអតិបរមាបានរហូត​ដល់៦,៧៦១នាក់​។ វាត្រូវបានផលិតឡើងដោយក្រុមហ៊ុន STX France និងប្រគល់ឲ្យ MSC Cruises កាលពីឆ្នាំ២០១៩។

៨៖ «ម៉ឺរ៉ាវីគលៀ (Meraviglia)»

MSC Meraviglia ក៏ជានាវាទេសចរណ៍របស់ក្រុមហ៊ុន MSC Cruises ដែរ។ នាវានេះមានចំណុះ១៧១,៥៩៨តោន បណ្តោយប្រវែង​ជិត​៣១៦ម៉ែត្រ ទទឹង៤៣ម៉ែត្រ។ វាមានបន្ទប់ស្នាក់នៅ២,២៤៤បន្ទប់ អាចទទួលភ្ញៀវបាន៤,៤៨៨នាក់ និងជាអតិបរមារហូតដល់៥,៦៥៥នាក់។

MSC Meraviglia ត្រូវបានផលិតឡើងដោយក្រុមហ៊ុនសង់ត្យេ ឌឺ ឡាត់ត្លង់ទិច (Chantiers de l'Atlantique/STX France) និងត្រូវបានរចនា​ឡើងឲ្យអាចមានសមត្ថភាពដំណើរការបានគ្រប់រដូវកាលទាំងអស់។ នាវានេះត្រូវបានប្រគល់ឲ្យទៅ MSC Cruises កាលពីឆ្នាំ២០១៧ និង
ទទួលបានការពេញចិត្តជាខ្លាំងពីអតិថិជនក្នុងមជ្ឈដ្ឋានឧស្សាហកម្មទេសចរណ៍នេះ ព្រមទាំងទទួលបានពានរង្វាន់កិត្យានុភាពជាច្រើន។

៩៖ «បេលីស្ស៉ីម៉ា (Bellissima)»

MSC Bellissima ជានាវាទេសចរណ៍របស់ MSC Cruises ដដែល ដែលមានចំណុះ១៧១,៥៩៨តោន បណ្តោយប្រវែងជិត​៣១៦ម៉ែត្រ និង​ទទឹង៤៣ម៉ែត្រ។ វាមានបន្ទប់ស្នាក់នៅ២,២១៧បន្ទប់ អាចទទួលភ្ញៀវបាន៤,៤៣៤នាក់ និងជាអតិបរមាបានរហូតដល់៥,៦៨៦នាក់។ MSC Meraviglia ត្រូវបានផលិតឡើងដោយក្រុមហ៊ុនសង់ត្យេ ឌឺ ឡាត់ត្លង់ទិច (Chantiers de l'Atlantique/STX France) និងប្រគល់ឲ្យទៅ​ MSC Cruises កាលពីឆ្នាំ២០១៩។

១០៖ «ស្ពិកទ្រោម (Spectrum)»

នៅចំណាត់ថ្នាក់ចុងក្រោយគេនេះ គឺ Spectrum of the Seas របស់ក្រុមហ៊ុន Royal Caribbean International។ វាត្រូវបានសាងសង់ឡើង​ដោយក្រុមហ៊ុន Meyer Werft នៅអាល្លឺម៉ង់ និងប្រគល់ឲ្យ Royal Caribbean កាលពីឆ្នាំ២០១៩។ ​នាវាទេសចរណ៍នេះ មានចំណុះប្រហែល​​១៦៩,៣៧៩តោន បណ្តោយប្រវែងជាង៣៤៧ម៉ែត្រ ទទឹងជិត៥០ម៉ែត្រ។ Spectrum មានបន្ទប់ស្នាក់នៅ២,១៣៧បន្ទប់ អាចទទួលភ្ញៀវឲ្យ​ស្នាក់នៅ៤,២៤៦នាក់ និងជាអតិបរមាបានរហូតដល់៥,៦២២នាក់ ៕