(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី០២ ខែកក្កដានេះ បានបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ដ នៅអាគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ដ្រី ហើយបានអនុម័តលើការងារសំខាន់ៗមួយចំនួន ពិសេសសញ្ញា (Logo) និមិត្តសញ្ញា (Mascot) និងបាវចនា(Motto) ត្រូវបានសម្រេចជាគោលការណ៍ ដើម្បីប្រើប្រាស់ផ្លូវការក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រខាងលើ។

កិច្ចប្រជុំនេះ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងមានការចូលរួមពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្ដៃយ៍ រួមទាំងរដ្ឋមន្ដ្រី អភិបាលខេត្ត និងសមាជិកជាច្រើនទៀត។ សម្ដេចពិជ័យសេនាបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់អគ្គលេខាធិការដ្ឋាន CAMSOC ដែលសម្រេចបានលទ្ធផលវិជ្ជមានមួយជំហាន នាំឲ្យមានភាពកក់ក្ដៅ ដើម្បីអនុវត្តន៍ទិសដៅបន្ដ ឆ្ពោះទៅរកភាពជោគជ័យ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

ក្រោយចប់កិច្ចប្រជុំលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា «កិច្ចប្រជុំថ្ងៃនេះសំខាន់ជាងគេ គឺបានសម្រេចទៅលើស្លាកសញ្ញា (Logo) និមិត្តសញ្ញា (Mascot) និងបាវចនា (Motto) ដែលទាំង ៣ហ្នឹងបានសម្រេចជាគោលការណ៍ គ្រាន់តែថា មានការកែសម្រួលបន្ដិចបន្ទួចជាពាក្យពេចរណ៍លើបាវចនា។ រីឯ Logo និង Mascot គឺឯកភាពទាំងស្រុង គ្រាន់តែត្រូវពន្លិចនូវអក្សរបន្ថែមបន្ដិចទៀតប៉ុណ្ណោះ។ ចឹងយើងបានធ្វើការទទួលយកនូវការសម្រេចរបស់សម្ដេចពិជ័យសេនាប្រធានរួចហើយ»

បន្ទាប់ពីសម្រេចជាគោលការណ៍លើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា គណៈអចិន្ដ្រៃយ៍ CAMSOC នឹងធ្វើការកែសម្រួល និងរៀបចំរបាយការណ៍ សម្រាប់ស្នើសុំការសម្រេចពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីឲ្យសម្ដេចតេជោសម្រេចឲ្យប្រើប្រាស់ជាផ្លូវការនូវស្លាកសញ្ញា និមិត្ដសញ្ញា និងបាវចនា សម្រាប់ដំណើរការផ្សព្វផ្សាយពីស៊ីហ្គេម ដែលកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។

លើសពីនេះ កិច្ចប្រជុំក៏បានឯកភាពលើការងារសំខាន់មួយចំនួនទៀតផងដែរ ដូចជាការឯកភាពបញ្ចូលសមាសភាពថ្នាក់ដឹកនាំមួយចំនួន ក្រោយមានការផ្លាស់ប្ដូរអភិបាលខេត្ត ដើម្បីទទួលភារកិច្ចអនុវត្តបន្ដ។ ការត្រៀមរៀបចំពិធីរាប់ថយក្រោយ ១,០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី០៧ ខែសីហាខាងមុខ ពិសេសការបន្ថែមនូវយន្ដការផ្សព្វផ្សាយពីវិមានឈ្នះឈ្នះ ក្នុងគោលការណ៍មួយឆ្ពោះទៅរកសន្ដិភាព ឆ្ពោះទៅស៊ីហ្គេម មានន័យថា ស៊ីហ្គេមកើតឡើងបាន ក៏ដោយសារជោគជ័យក្នុងអត្ថន័យរបស់វិមានឈ្នះឈ្នះនេះដែរ៕