(ឡូសាណេ)៖ តុលាការផ្នែកកីឡា CAS បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដាថាក្រុម Manchester City នឹងដឹងលទ្ធផលថាតើបណ្តឹងឧទ្ធរណ៍របស់ពួកគេប្រឆាំងនឹងការហាមឃាត់មិនឲ្យលេងក្នុងពានអឺរ៉ុប Champions League រយៈពេល ២ឆ្នាំរបស់សហព័ន្ធ UEFA នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។ នេះបេីយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃនេះ។

City ត្រូវបានហាមឃាត់ដោយ UEFA និងពិន័យជាប្រាក់ចំនួន ៣០លានអឺរ៉ូ ស្មេីនឹង ៣៤លានដុល្លារអាមេរិក ពីបទផ្តល់ប្រាក់ឧបត្ថម្ភហួសហេតុ ដើម្បីលាក់បាំងថាពួកគេមិនបានគោរពតាមច្បាប់នៃការចំណាយហិរញ្ញវត្ថុ (FFP) នៅចន្លោះឆ្នាំ ២០១២ និងឆ្នាំ២០១៦។

ក្លិបលេងនៅ Premier League ក៏បានបដិសេធចំពោះការចោទប្រកាន់របស់ UEFA ដែរ។

កាលពីខែមុន តុលាការ CAS បានបើកសវនាការរយៈពេល ៣ថ្ងៃតាមរយៈ Video Conference ផងដែរ ដេីម្បីដោះស្រាយបណ្តឹងរបស់ក្លិប Man City ដែលមានសេដ្ឋីអារ៉ាប់ជាម្ចាស់ក្លិប។

ដោយមិនគិតពីលទ្ធផលនៃបណ្តឹងឧទ្ធរណ៍ City នឹងអាចបញ្ចប់យុទ្ធនាការរបស់ពួកគេនៅក្នុងពានរង្វាន់ជើងឯកអឺរ៉ុបនេះត្រឹមឆ្នាំ២០១៩-២០ នេះ។

ក្រុមរបស់លោក Pep Guardiola បានឈ្នះ ២-១ នៅក្នុងផ្ទះក្រុម Real Madrid ក្នុងការប្រកួតជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេ មុនពេលការប្រកួតត្រូវបានផ្អាក ដោយសារ Covid-19 កាលពីខែមីនាមក។

UEFA គ្រោងនឹងរៀបចំការប្រកួតវគ្គ ៨ ក្រុមចុងក្រោយចាប់ពីខែសីហាខាងមុខនេះដែលការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។

Man City បាននាំមុខ ១៤ពិន្ទុលើក្រុមលេខ៥ Manchester United និងហាក់ដូចជាប្រាកដក្នុងការទទួលបានសិទ្ធិសម្រាប់ការប្រកួតពាន Champions League នៅរដូវកាលក្រោយទៀតផង៕