(អឺរ៉ុប)៖ ក្រុមនិយតកររបស់សហភាពអឺរ៉ុប (EU) កំពុងតែពិនិត្យមើលថាតើ កិច្ចព្រមព្រៀងមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google ស្តីពីការទិញយកក្រុមហ៊ុនផលិតនាឡិកាវៃឆ្លាត (Smart Watch) Fitbit ដែលជាក្រុមហ៊ុនអាមេរិកដូចគ្នានោះ នឹងពង្រីកឥទ្ធិពល Google ក្នុង ការគ្រប់ដណ្តប់ទៅលើទីផ្សារឬយ៉ាងណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។

EU បាននិងកំពុងស៉ើបសួរទៅកាន់ក្រុមហ៊ុនពាក់ព័ន្ធជាច្រើនថា តើពួកគេនឹងមើលឃើញ Google ជាគូប្រជែងរបស់ពួកខ្លួនឬមួយយ៉ាងណា ប្រសិនបើ Google ត្រូវបានអនុញ្ញាតឲ្យទិញក្រុមហ៊ុន Fitbit ក្នុងតម្លៃ២.១ពាន់លានដុល្លារ។ ការកើតមានក្តីបារម្ភបែបនេះ គឺដោយសារតែ ទិន្នន័យទាក់ទងសុខភាពដែលក្រុមហ៊ុន Fitbit ប្រមូលពីអ្នកប្រើប្រាស់ តាមរយៈនាឡិការបស់ខ្លួន។ យ៉ាងណាមិញ Google បានបញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយ Fitbit គឺមិនមែនអំពីទិន្នន័យរបស់ប្រើប្រាស់ទេ គឺអំពីផលិតផលរបស់ Fitbit ផ្ទាល់។

គួរជម្រាបថា ក្រុមនិយតករ EU នឹងសម្រេចនៅថ្ងៃទី២០ ខែកក្កដា ថាតើ គួរតែអនុញ្ញាតឲ្យកិច្ចព្រមព្រៀងខាងសម្រេចទៅមុខ ឬក៏បើកការ ស៉ើបអង្កេតលម្អិត៕