(ម៉ាឌ្រីដ)៖ ការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករខ្សែការពារ Sergio Ramos នៅនាទី៧៩ បានជួយឲ្យក្រុម អធិរាជស Real Madrid បង្កើនការនាំមុខកំពូលតារាង LaLiga ដាច់ដល់ទៅ ៤ពិន្ទុពីក្រុមការពារតំណែងជើងឯក FC Barcelona ដែលឈរនៅលេខ២ ក្រោយបន្តឈ្នះ Getafe ក្នុងលទ្ធផល ១-០។
តាមរយៈព័ត៌មានពី BBC បានចេញផ្សាយថា នេះជាជ័យជម្នះទី៦ ជាប់គ្នាសម្រាប់ក្រុមរបស់លោក Zinedine Zidane ក្រោយ Covid-19 ក្នុងលីគកំពូលអេស្ប៉ាញ ដោយរក្សាទម្រង់លេងមិនចាញ់ និងស្មើឡើយ ក្នុងសប្តាហ៍ទី៣៣ ជើងទី២ នេះនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។
គ្រាប់បាល់ប៉េណាល់ទីរបស់ Ramos បានកើតមានឡើង ដោយសារតែកីឡាករខ្សែការពារ Mathis Olivera បានធ្វើឲ្យ Dani Carvajal ដួលក្នុងប្រអប់គ្រោះថ្នាក់ មុនពេលស៊ុតបានសម្រេចដោយប្រធានក្រុម Sergio Ramos ដែលទទួលបានតួនាទីទាត់បាល់ ១១ម៉ែត្រពី Ronaldo ដែលបានចាកចេញ ហើយក៏ជាគ្រាប់បាល់ប៉េណាល់ទីលើកទី២១គ្រាប់ទាំងក្នុងក្លិប និងជម្រើសជាតិអេស្ប៉ាញផងដែរ។
តាមរយៈជ័យជម្នះក្នុងដីនេះដែរ Real Madrid ត្រូវការឈ្នះតែ ៤ប្រកួតទៀត ក្នុងចំណោម ៥ប្រកួតដែលនៅសល់ ដើម្បីលើកពាន LaLiga រដូវកាលឆ្នាំ២០១៩-២០២០ ក្រោយខកខានគិតចាប់តាំងពីឆ្នាំ២០១៧ មក៕