(ភ្នំពេញ)៖ តារាកំប្លែង និងជាតារាម៉ូដែលប្រុស ដែលមហាជនតែងតែហៅថា Mr Queen បានបាត់មុខពីការសម្តែងជាយូរមកហើយ ព្រោះតែមានជំងឺច្រើនមុខរួមរឹតខ្លួនប្រាណ។ ចូលសម្រាកព្យាបាលក្នុងមន្ទីពេទ្យ គ្មានទីពឹង ពោលមានតែសិល្បករជិតស្និទ្ធតិចតួចប៉ុណ្ណោះ ដែលសួរសុខទុក្ខ, Mr Queen បានស៊ូទ្រាំនឹងភាពលំបាកទាំងនេះ ទាំងអស់សង្ឃឹម ខណៈនៅវេលាយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកក្កដានេះ លោក បានទទួលមរណភាពយ៉ាងអាសូរ។

ជាការកត់សម្គាល់ គ្រាដែល Mr Queen នៅមានជីវិត លោកតែងតែបង្ហោះសារតាមរយៈបណ្តាញសង្គម ឲ្យមហាជន និងអ្នកសិល្បៈរួមអាជីពបានដឹង ថាជីវិតរបស់លោកពិតជាមិនអាចរស់នៅបានយូរទៀតទេ ព្រោះតែលោកមានជំងឺច្រើនមុខ។ កាន់តែសង្វេគជាងនេះ Mr Queen តែងតែបង្ហាញសារអស់សង្ឃឹមក្នុងជីវិត បន្ទាប់ពីលោកមិនសូវមានសាច់ញាតិ និងមិនសូវមានការយកចិត្តទុកដាច់ពីអ្នកសិល្បៈរួមអាជីព។

បើតាមលោក ហេង ឡុង ប្រធានសមាគមសិល្បៈស័គ្រចិត្ត ជួយសង្គម បានឲ្យដឹងថា Mr Queen បានទទួលមរណភាពនៅយប់ម៉ោង ២៖២០នាទី ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្នសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តអង្គតាមិញ រាជធានីភ្នំពេញ៕