(ភ្នំពេញ)៖ ខ្មោចសង្កត់ (អ្នកខ្លះហៅថាថ្ងៃជាន់) មិនមែនជាព្រឹត្តិការណ៍រន្ធត់ដូចដែលមនុស្សភាគច្រើនធ្លាប់គិតនោះឡើយ ប៉ុន្តែវាជាអាការ ឬជាបញ្ហារាងកាយទៅវិញទេ ពីព្រោះអាការនេះបណ្ដាលមកពីសាច់ដុំនៃរាងកាយរបស់យើង ផ្អាកដំណើរការមួយរយៈពេលខ្លី គួបផ្សំនឹងការគិតច្រើន និងភាពហត់នឿយនៅពេលគេងខ្លះដែរ។
* អាការ «ខ្មោចសង្កត់» គឺមានសភាព៖ នៅពេលដែលយើងគេងជិតលក់រលីវៗ ឬភ្ញាក់ដឹងខ្លួនហើយតែនៅមិនទាន់រើបម្រះខ្លួនបាន ហើយមានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងមកសង្កត់ ឬដូចមានពួកអមនុស្សចម្លែកមកសង្កត់ពីលើ នោះហើយដែលគេហៅថា «ខ្មោចសង្កត់ ឬថ្ងៃជាន់»។
* មូលហេតុ៖ វាក៏កើតឡើងដោយមូលហេតុផ្សេងទៀតដែរ ដូចជា បណ្ដាលមកពីថ្នាំពេទ្យមួយចំនួនដែលយើងលេបទៅ មានប្រតិកម្មបំលែងក្នុងរាងកាយ ស្របពេលដែលយើងកំពុងដេក។ ម្យ៉ាងទៀត វាក៏បណ្ដាលមកពីយើងដេកសង្កត់លើសរសៃប្រសាទ ឬសរសៃឈាម (នៅពេលដេកផ្ងារ) ឬមកពីយើងធ្វើការ ឬលេងកីឡាធ្ងន់ធ្ងរពេក។
តាមធម្មតា នៅពេលគេងជិតលក់រលីវៗ សាច់ដុំបានផ្អាកដំណើរការមួយរយៈពេលខ្លី (លើកលែងតែសាច់ដុំដែលជួយក្នុងការដកដង្ហើម) នៅពេលភ្ញាក់ឡើងក៏កម្រើកដៃជើងមិនរួច ទើបធ្វើឱ្យមានការភ័យស្លន់ស្លោ ហើយគិតថាមានខ្មោចសង្កត់ពីលើ។
* ដំណោះស្រាយ៖ នៅក្នុងករណីនេះសូមនៅឱ្យស្ងៀម ធ្វើចិត្តឱ្យស្ងប់ ហើយគេងនៅមួយសន្ទុះសិន។ នៅពេលខួរក្បាលអាចបញ្ជាការបានហើយ យើងអាចបម្រះខ្លួនបានដូចដើមវិញហើយ។
អាការខ្មោចសង្កត់នេះ តែងតែកើតមានចំពោះមនុស្សមានកង្វល់ច្រើន ដែលរាងកាយសម្រាកហើយ តែចិត្តមិនបានសម្រាកឡើយ។ នៅពេលរាងកាយសម្រាកច្រើនជាងចិត្ត ទោះបីជាយើងគេងលក់ហើយក្ដី ក៏ចិត្តរបស់យើងនៅតែធ្វើការ ទើបធ្វើឱ្យដំណេកមិនបានស្កប់ស្កល់ ហើយគេងទាំងសភាពរលីវៗ ស្ទើរលក់ស្ទើរអត់៕