(ភ្នំពេញ)៖ ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពថមថយដោយសារតែជំងឺរាតត្បាតកូវីដ១៩ ស្រាប់តែប្រាក់ចំណូលរបស់លោក Jeff Bezos មេធំរបស់ក្រុមហ៊ុនលក់ទំនិញយក្សអាមេរិក Amazon មានការកើនឡើង ដែលធ្វើឱ្យទ្រព្យសម្បត្តិមានជិត ១៧២ពាន់លានដុល្លារ ដែលជា «កំណត់ត្រាថ្មី» សម្រាប់អ្នកមានបំផុតនៅលើពិភពលោក។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg និងចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។
សារព័ត៌មាន CNN បានបញ្ជាក់ថា សប្តាហ៍នេះ ទ្រព្យសម្បត្តិរបស់លោក Jeff Bezos បានកើនឡើងលើសពីកំណត់ត្រាទ្រព្យសម្បត្តិរបស់លោកដែលមាន នៅក្រោយពេលលែងលះពីអតីតភរិយា MacKenzie ដែលបានរួមរស់ជាមួយគ្នាអស់រយៈពេល ២៥ ឆ្នាំ ដោយអំឡុងពេលនោះ លោកស្រី MacKenzie ទទួលភាគហ៊ុន ២៥ភាគរយនៃភាគហ៊ុនរួមរវាងលោកស្រី និងលោក Jeff Bezos ស្មើនឹង ៤ភាគរយនៃក្រុមហ៊ុន Amazon រួម។
នៅថ្ងៃនេះផងដែរ មិនត្រឹមតែលោក Jeff Bezos ដែលបំបែកកំណត់ត្រានោះ សូម្បីតែអតីតភរិយារបស់លោក ក៏ដូចគ្នាដែរ ដោយពេលនេះលោកស្រីមានលុយសរុប ៥៧ពាន់លានដុល្លារ និងក្លាយជាសេដ្ឋីមានលុយច្រើនបំផុតលំដាប់ទី១២ នៅលើពិភពលោក។
ប្រភពទ្រព្យសម្បត្តិធំរបស់លោក Jeff Bezos ត្រូវបាន CNN ផ្សាយថា បានមកពីក្រុមហ៊ុន Amazon ព្រោះលោកកាន់កាប់ហ៊ុន Amazon រហូតដល់ ៥៧លានហ៊ុន ដែលស្មើនឹង ១២ភាគរយនៃភាគហ៊ុន រួមរបស់ Amazon ។
នៅក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩នេះ ក្រុមហ៊ុន Amazon បានទទួលប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកពីការបញ្ជាទិញទំនិញតាមអនឡាញ ដោយសារតែមនុស្សជាច្រើនត្រូវបានអាជ្ញាធរដាក់កំហិតឱ្យនៅក្នុងផ្ទះ ជាពិសេសហាងលក់ទំនិញជាច្រើនត្រូវបានបិទ៕